រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ (Video Inside)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា និងក្រសួងនគរបាលវៀតណាម បានជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន និងការបើកច្រកផ្លូវអន្តរជាតិតាមព្រំដែន នៃប្រទេសទាំង២បន្តទៀត ដើម្បីការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនទាំង២ប្រទេស។
ការជំរុញកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៣មករានេះ ក្នុងរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំរួមគ្នាមួយរវាងគណៈប្រតិភូ នៃក្រសួងទាំង២ ដែលពីភាគីកម្ពុជាដឹកនាំដោយលោករដ្ឋមន្ត្រី ស សុខា និងពីភាគីវៀតណាម ដឹកនាំដោយលោករដ្ឋមន្ត្រី តូឡឹម នៃប្រទេសវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានសរសេរថារដ្ឋមន្ត្រីក្រសួង នៃប្រទេសកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើឯកសារផែនការសហប្រតិបត្តិការឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សម្រាប់ឆ្នាំនេះរួមមាន «បង្កើនកិច្ចសហការបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហការជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាល នៃប្រទេសទាំង២ បានឯកភាពគ្នាកន្លងមក។