អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ កសាងសំណង់ថ្មីរបស់ខ្លួន (Video Inside)

អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នឹងសំណង់ថ្មីរបស់ខ្លួនមួយដាច់ដោយឡែក ដែលទីតាំងនោះនឹងស្ថិតនៅតំបន់បឹងតាមោក, ភូមិត្រពាំងពោធិ៍, សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ទីអគ្គបញ្ជាការដ្ឋានថ្មីនោះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា។

អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទីតាំងអគ្គបញ្ជាការដ្ឋានថ្មីនោះ នឹងកសាងលើផ្ទៃដីទំហំជាង ៦៦ហិកតា ដែលនឹងមានកសាងសំណង់ធំៗមួយចំនួន ក្នុងតំបន់ ៣ផ្សេងៗពីគ្នា។

សំណង់ក្នុងតំបន់ទី១ គឺជាទីតាំងសម្រាប់អគាររដ្ឋបាល, សាលប្រជុំ និងអគារមន្ទីរអដ្ឋកោណ។ សំណង់ក្នុងតំបន់ទី២ សម្រាប់ប្រើប្រាស់ជាទីលានព្យុហយាត្រា, សំណង់អគារស្នាក់នៅរបស់នាយទាហាន, នាយទាហានរង និងពលទាហានចំនួន ៤អគារ និងសំណង់ក្នុងតំបន់ទី៣ គឺជាទីតាំងបម្រុងនាពេលអនាគត ដែលមានច្រកចេញ-ចូល សរុបចំនួន ៧កន្លែង ក្នុងនោះផ្នែកខាងមុខអគារ មានច្រកចេញ-ចូលចំនួន ៣កន្លែង, ច្រកធំកណ្តាលជាច្រកខ្លោងទ្វារជ័យ, ច្រកខាងស្តាំជាច្រកខ្លោងទ្វារឈ្នះឈ្នះ និងច្រកខាងឆ្វេង ជាច្រកខ្លោងទ្វារសន្តិភាព ជាមួយនឹងរបងព័ទ្ធជុំវិញប្រវែងប្រមាណ ៣ពាន់ ៦០៣ម៉ែត្រ និងមានចំណតរថយន្តចំនួន ៥០០ចំណត និងចំណតទោចក្រយានយន្តមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថាការរចនាប្លង់ស្ថាបត្យកម្មអគារអគ្គបញ្ជាការដ្ឋាន ត្រូវបានរចនាឡើង ក្នុងទម្រង់រចនាបថស្ថាបត្យកម្មខ្មែរទំនើប ឬហៅថារចនាបថសហស្សម័យកម្ពុជា ដោយរចនារួមបញ្ចូលគ្នារវាងរចនាបថសម័យទំនើប និងខ្មែរបុរាណ ដែលវិចិត្រពិពិធលម្អដោយគ្រឿងលម្អស្ថាបត្យកម្មខ្មែរ។ គំរោងសាងសង់សំណង់ទីអគ្គបញ្ជាការដ្ឋានថ្មីនេះ គ្រោងនឹងសាងសង់រយៈពេល៣ឆ្នាំ។

ads banner