ក្រសួងកសិកម្មហាមពលរដ្ឋព្រលែងត្រីកាចសាហាវនាំចូលពីក្រៅស្រុក (Video Inside)

ក្រសួងកសិកម្ម បានហាមប្រជាពលរដ្ឋ ក្នុងការលែងត្រីនាំចូលពីក្រៅប្រទេស ដែលជាប្រភេទត្រីកាចសាហាវស៊ីសាច់ជាអាហារ ប៉ុន្តែត្រូវព្រលែងត្រីក្នុងស្រុកដែលជាប្រភេទត្រីជិត ផុតពូជគ្មានគ្រោះថ្នាក់ និងព្រលែងត្រីណាដែលជាមេពូជក្នុងស្រុក។

ការហាមឃាត់នេះ បានធ្វើតាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២៥ មករា ឆ្នាំ២០២៤ ជាមួយការកត់សម្គាល់ថា «ថ្មីៗនេះ មានប្រជាពលរដ្ឋខ្លះ បានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ ដែលសកម្មភាពនោះ នឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស»។

សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា «ប្រភេទត្រីដែលមានប្រភពមកពីក្រៅប្រទេសមួយចំនួន ជាប្រភេទកាចស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដែលវានឹងស៊ីត្រីក្នុងធម្មជាតិ, ដណ្តើមទីជម្រក, ចម្លងជម្ងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែលប្រភេទត្រីទាំងនោះ មានវត្តមានកាន់តែច្រើន នៅក្នុងដែនទឹកធម្មជាតិ»។

សេចក្តីប្រកាសព័ត៌មានដដែល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាន និងកំពុងចិញ្ចឹមប្រភេទត្រី ដែលនាំចូលមកពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងលែង ឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។

សេចក្តីប្រកាសព័ត៌មានដដែល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចូលរួមព្រលែងប្រភេទត្រី ដែលកំពុងរងគ្រោះថ្នាក់ និងត្រីមេពូជក្នុងស្រុក ដើម្បីឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។

ads banner