ក្រសួងសុខាភិបាលដាស់តឿនការប្រុងប្រយ័ត្នវ៉ាក់សាំង Qdenga (Video Inside)

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga ដែលវ៉ាក់សាំងនេះពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកឡើយ។

សេចក្តីប្រកាសការប្រុងប្រយ័ត្ននេះ បានទន្ទឹមនឹងមានការផ្សាយតាមបណ្តាញសង្គមខ្លះ ដែលរំលេចនូវវ៉ាក់សាំង Qdenga នេះ ដែលជំរុញឱ្យក្រសួងសុខាភិបាល ត្រូវប្រញាប់ធ្វើការដាស់តឿនជាបន្ទាន់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ ក្នុងដំណាក់កាលសិក្សាសរុបទាំង៤លើក។

ក្រសួងសុខាភិបាលបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក FDA នៅមិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នេះនៅឡើយទេ។

ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជាសំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។

ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់៕

ads banner