ថ្នាក់ដឹកនាំអង្គភាពនគរបាលទេសចរណ៍សៀមរាបរងការពិន័យ (Video Inside)
ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទេសចរណ៍ចំនួន ៦រូប នៅក្នុងខេត្តសៀម បានរងការពិន័យ ក្នុងនោះរួមមាន ២នាក់ ត្រូវបានដកហូតចេញពីមុខតំណែង។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលអ្នកសារព័ត៌មានបានឃើញនៅថ្ងៃនេះ បានសម្រេចការផ្ទេរភារកិច្ចដោយបង្ខំចំពោះឧត្តមសេនីយ៍ត្រី យឹម ស៊ីយូណា ពីអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ឱ្យមកជាអនុប្រធានអង្គភាពអន្តរាគមន៍ និងព្រមានលើកទី១។
សេចក្តីប្រកាសដដែលបានផ្ទេរដោយបង្ខំចំពោះវរសេនីយ៍ទោ ទី សុខឡែន ពីប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឱ្យមកជាមន្ត្រីលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ។
សេចក្តីប្រកាស បានសម្រូលភារកិច្ចចំពោះមន្ត្រីនគរបាល ២រូបពីអនុប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ជានាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលទេសចរណ៍។ មន្ត្រីនគរបាលទាំង២ គឺវរសេនីយ៍ទោ ឌូ សុធា និង ឱម ពុទ្ធី។
ដោយឡែកមន្ត្រីនគរបាល ២នាក់ទៀតឋានៈវរសេនីយ៍ត្រី ឈ្មោះ ប៉ាត់ សំណាង និងឈ្មោះ ហេង សុវណ្ណថា ត្រូវបានដកហូតមុខតំណែង ពីអនុប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឱ្យមកជាមន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។