លំនៅដ្ឋានជិត ២៩ម៉ឺនកន្លែងដាច់អគ្គិសនី ដោយសារព្យុះវាយប្រហារអូស្រ្តាលី

ស៊ីដនី៖ មន្រ្តីអូស្រ្តាលី ក្នុងថ្ងៃពុធនេះ រាយការណ៍ថា ខ្យល់ព្យុះដែលបក់បោកខ្លាំង បានផ្តួលរលំដើមឈើ និងសម្លាប់មនុស្សម្នាក់ ព្រមទាំងធ្វើឱ្យលំនៅដ្ឋាន និងទីតាំងអាជីវកម្មរាប់សែនកន្លែងដាច់ចរន្តអគ្គិសនី នៅភាគខាងកើតប្រទេសអូស្ត្រាលី។

ក្រុមមន្ត្រីនិយាយថា ខ្យល់ព្យុះកំណាចមួយបានវាយលុកតំបន់ធំបំផុត នៃរដ្ឋ Victoria ក្នុងថ្ងៃអង្គារម្សិលមិញ ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងក្នុងល្បឿនជាង ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់ព្យុះនេះ ក៏បានជំរុញឱ្យមានភ្លើងឆេះព្រៃនៅក្នុងតំបន់ Grampians ភាគខាងលិចទីក្រុង Melbourne ផងដែរ ដោយវាបានឆេះផ្ទះជាច្រើនខ្នងនៅក្នុងទីក្រុងតូចមួយ។

ប្រតិបត្តិករទីផ្សារថាមពលអូស្ត្រាលីនិយាយថា ស្របពេលដែលខ្យល់ព្យុះវាយប្រហារខ្លាំង វាបានធ្វើឱ្យលំនៅដ្ឋាន និងទីតាំងអាជីវកម្មប្រហែល ៥៣០,០០០កន្លែងដាច់រចន្តអគ្គិសនី។ ហើយគិតមកទល់ថ្ងៃពុធនេះ លំនៅដ្ឋាន និងទីតាំងអាជីវកម្មប្រមាណ ២៨៥,០០០កន្លែង នៅតែគ្មានអគ្គិសនីប្រើប្រាស់។ អាជ្ញាធរនិយាយថា យោងតាមទំហំនៃការខូចខាតធ្ងន់ធ្ងរ ខ្លួនទំនងជាត្រូវចំណាយពេលច្រើនថ្ងៃ ឬសប្តាហ៍ ដើម្បីអាចស្តារបណ្តាញផ្គត់ផ្គង់អគ្គិសនីឡើងវិញនៅតាមតំបន់រងផលប៉ះពាល់ទាំងអស់នោះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីថាមពលនៃរដ្ឋ Victoria លោកស្រី Lily D’Ambrosio និយាយថា នេះគឺជាព្រឹត្តិការណ៍ដាច់ភ្លើងដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋនៃប្រទេសអូស្រ្តាលី។ អាជ្ញាធរបន្ថែមថា ពួកគេកំពុងធ្វើការដើម្បីស្ដារថាមពល និងបញ្ជាក់ពីទំហំនៃការខូចខាតដោយសារភ្លើងឆេះព្រៃ ក៏ដូចជាចេញការព្រមានអំពីបញ្ហាអាកាសធាតុនៅទូទាំងរដ្ឋ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner