សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំ បានធ្វើឱ្យវិស័យអប់រំនៅ កម្ពុជា កាន់តែមានគុណភាពខ្ពស់ ខណៈសមត្ថភាពកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេស ឡើយ

(ភ្នំពេញ)៖ កម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានគុណភាពខ្ពស់ ខណៈសមត្ថភាពកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេសឡើយ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ថា បានដាក់ចេញផែនការគោលនយោបាយ និងកម្មវិធីកែទម្រង់ ដើម្បីជំរុញការចូលរៀន ព្រមទាំងបានលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសគឺការកែទម្រង់នៅថ្នាក់ឧត្តមសិក្សាតែម្តង ។ សម្តេច ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសាលា សាស្ត្រចារ្យ និងដៃគូសហប្រតិបត្តិការនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្ស ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយ ចំណេះដឹងទូលំទូលាយ ច្បាស់លាស់ មនសិកា វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា និងជាមូលធនដ៏ល្អសម្រាប់ប្រទេសជាតិ ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា សមត្ថភាពកូនខ្មែរនាពេលបច្ចុប្បន្ននេះ មានចំណេះដឹងខ្ពស់ មិនចាញ់ជនបរទេសឡើយ ពោល គឺដោយសារតែគោលនយោបាយការកសាងធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយកសាងធនធានមនុស្សរបស់កម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ បានធ្វើឲ្យកូនខ្មែរភាគច្រើន មានសមត្ថភាពនិងចំណេះដឹងខ្ពស់ មិនចាញ់បរទេសនោះឡើយ។ សម្តេចបានលើកឧទាហរណ៍ថា កាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ ការសរសេរផែនការ និងគោលនយោបាយរបស់ក្រសួង-ស្ថាប័នភាគច្រើន គឺពឹងលើអ្នកជំនាញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភាពលោក (WB) ប៉ុន្តែបច្ចុប្បន្ន រាល់ផែនការរបស់ក្រសួង-ស្ថាប័ន គឺកូនខ្មែរ មន្ត្រីខ្មែរ ជាអ្នកសរសេរ និងរៀបចំឡើង ពោលគឺតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការគ្រប់គ្រង ដឹកនាំផែនការ និងការអនុវត្តលើគ្រប់វិស័យ ទាំងឯកជន និងរដ្ឋ នាពេលបច្ចុប្បន្ន គឺជាសមត្ថភាពកូនខ្មែរ ហើយសមត្ថភាពទាំងនោះ ភាគច្រើនទទួលបានការបណ្តុះបណ្តាលក្នុងប្រទេសក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner