ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបន្ថែមទុនវិនិយោគកើនដល់ ៤១លានដុល្លារសហរដ្ឋអាមេរិក
(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាណាព្យាបាលទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោដ៏ធំតែមួយគត់ នៅ កម្ពុជា ដែលមានទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្អូនៗកុមារ អំពីបញ្ហាអាហាររូបត្ថម្ភ។
លោក កុយ សុវណ្ណ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានថា៖ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននឹងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ ដែលមកដល់ពេលនេះ ទុនវិនិយោគរបស់ ក្រុមហ៊ុនបានកើនដល់ ៤១លានដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ហើយបាន និងកំពុងផ្តល់ការងារជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។

ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរទៅលើ សង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ដល់ការផលិតផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបម្រែបម្រួលអាកាសធាតុ។
ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “ទឹកដោះគោ ម៉ាកអង្គរមីល” ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។

វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។ ហើយរោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាភែក (Tetra Pak)។ រាល់សង្វាក់ផលិតកម្ម ផលិតផលទឹកដោះគោ គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ” ។ រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001: 2015 និង សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណ ដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ” ដែលកម្មវិធីនេះ មានការផ្តល់ជូនឈ្នះនូវ “រង្វាន់ម៉ូតូហុងដាវេវ សេរីថ្មី សរុបចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត ។ ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក៕


អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា