ពលរដ្ឋបង្ហាញពីការយល់ដឹងពីបន្លែសុវត្តិភាព ក្នុងខណៈក្រុមអ្នកជីវកម្មសំណូមពរឱ្យកសិករដាំដំណាំគ្មានសារជាតិគីមីដើម្បីងាយស្រួលរកទីផ្សារ
ភ្នំពេញ៖ បន្លែ និង ផ្លែឈើសុវត្ថិភាពដែលគ្មានសារជាតិគីមីលាយឡំ កំពុងមាន តម្រូវការទីផ្សារខ្ពស់ ខណៈស្របពេលជាមួយគ្នានេះប្រជាពលរដ្ឋក៏តែង ចាប់ផ្ដើម យល់ដឹងច្រើនឡើងពីអត្ថប្រយោជន៍នៃការបរិភោគបន្លែ និង ផ្លែឈើ ដែលមិន ប្រើប្រាស់សារធាតុគីមី ។
ចំណែកមន្រ្តីនៃក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ក៏បានកំពុងលើកកម្ពស់ សុខមាលភាព និងបញ្ច្រៀបចំណេះដឹងអំពីវិធីសាស្រ្តថែរក្សាសុខមាលភាព របស់ ប្រជាពលរដ្ឋទូទៅ ជាពិសេសផ្សព្វផ្សាយ ទប់ស្កាត់ទាំងការនាំចូល និងការដាំ ក្នុងស្រុកដែលមានសារធាតុគីមីនៅក្នុងបន្លែផ្លែឈើផងដែរ។
បង្ហាញការយល់ដឹងពីសុវត្តិភាពចំណីអាហារនៅក្នុងពិធីដាក់តាំងបង្ហាញលក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួងកសិកម្ម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់នាកន្លងមក អ្នកស្រី អ៊ូច ស្រីឡែន ជាពលរដ្ឋមួយរូបយល់ឃើញថាបន្លែផ្លែឈើដែលគ្មានសារជាតិគីមីគឺជា ជម្រើសដ៏ល្អសម្រាប់ពលរដ្ឋទូទៅជ្រើសរើសបរិភោគ ។ បន្លែផ្លែឈើទាំងនេះក្រៅ ផ្តល់សុខភាពល្អហើយ នៅជួយដល់បរិស្ថានថែមទៀត។
ជាមួយគ្នាស្រ្តីរូបនេះបានសំណូមដល់ប្រជាកសិករ គប្បីជ្រើសរើស ដាំដំណាំ ដែលសុវត្តិភាពពីព្រោះថាក្រៅពីជួយដល់សុខភាពពលរដ្ឋហើយនៅ ជួយដល់ សុខភាព ខ្លួនឯងអ្នកដាំថែមទៀតដោយសារតែគ្មានសារជាតិគីមីប៉ះពាល់ នៅពេល ដែលប្រើប្រាស់ក្នុងការដាំដុះនេះទៀតផង។
អ្មកស្រី ផេងសុផាដា ពលដ្ឋមួយរូបទៀតរស់នៅរាជធានីភ្នំពេញបានលើកឡើងថា បើទោះបី បន្លែ ផ្លែឈើ ដែលគ្មានសារជាតិគីមីតម្លៃខ្ពស់បន្តិចពិតមែនបើប្រៀបធៀប បន្លែផ្លែឈើគេលក់ទូទៅ តែអ្នកស្រីមិនរារែកក្នុងការទិញមកបរិភោគទេពីព្រោះថា វាបាននាំមកនូវសុខភាពដល់ក្រុមគ្រួសារអ្នកស្រី។
ជាមួយគ្នានេះអ្នកស្រីចាត់ទុកថាបន្លែផ្លែឈើសុវត្តិភាពគឺវាទ្រព្យដ៏ថ្លៃថ្លាសម្រាប់សុខភាពមនុស្សគ្រប់រូប ហើយសូមណូមពរកុំឱ្យមានការប្រើប្រាស់សារជាតិគីមីក្នុងចំណី អាហារ ទាំងនេះបន្តទៅទៀត។
ដោយឡែកលោក ម៉េង សុងហោរ អ្នកគ្រប់គ្រងផ្សារខ្មែរ បន្លែធម្មជាតិ ដែលបានយក បន្លែ សុវត្តិភាពនិងបន្លែសរីរាង្គមកដាក់តាំងបង្ហាញលក់នៅខាងមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់នេះដែរបានឱ្យដឹងថា៖ការលក់បន្លែ ផ្លែឈើ ឬសាច់សុវត្តិភាពត្រូវបានទទួលការពេញនិយមកាន់តែ កើនឡើង។ពលរដ្ឋជាច្រើនកាន់តែយល់ដឹង ហើយថែទាំសុខភាពរបស់ពួកគាត់ ដោយតែងស្វែងរកអាហារទាំងនេះទិញទៅបរិភោគ។ជាមួយនឹងកំណើនពលរដ្ឋស្វះស្វែងរកអាហារសុវត្តិភាពនេះដែរក៏ស្របគ្នាជាមួយនឹងផ្សារលក់ចំណីអាហារសុវត្តិភាពកាន់តែកើនឡើងដូចគ្នា។
អ្នកលក់បន្លែផ្លែឈើសុវត្តិភាពរូបនេះបានលើកឡើងដែរថា”សម្រាប់តម្លៃបន្លែផ្លែឈើសុវត្តិភាពយើងឃើញថាមិនលើសថ្លៃបន្លែតាមទីផ្សារប៉ុន្មានទេ ខ្លះស្ទើរតែស្មើគ្នាផង”។
តាមរយៈបទពិសោធន៍ជាអ្នកលក់នេះដែរ លោក ម៉េង សុងហោរ បានផ្ញើសារដល់អ្នកដាំដំណាំទូទៅគប្បីយកចិត្តទុកដាក់ដាំបន្លែផ្លែឈើដែលសុវត្តិភាព គ្មានសារជាតិគីមីលាយឡំពីព្រោះថាមិនត្រឹមតែងាយស្រួលលក់ទេនៅមានតម្លៃខ្ពស់ជាងបន្លែផ្លែឈើដទៃទៀតផង។ការដាំបន្លែឈើបែបនេះមិនត្រឹមតែជួយដល់ សុខភាព ពលរដ្ឋទេ តែពិសេសអ្នកដាំបន្លែផ្លែឈើប្រភេទនេះនៅមានទីផ្សារល្អ មុខរបរជាប់បាន យូរ និងមានលំនឹងក្នុងមុខរបរថែមទៀត។
ដោយឡែកអ្នកស្រី នី ធាវី មកពីផ្សារឡាឡាហ្គាឌិនបានឱ្យដឹងថា៖ការជ្រើសរើសបន្លែ សុវត្តិភាព មកបរិភោគវាបានផ្តល់នូវអត្តប្រយោជន៍ដល់យើងយ៉ាងច្រើនដែល ក្រៅពី មិនបង្កការប៉ះពាល់ដល់សុខភាពហើយ វានៅអាចព្យាបាលរោគមួយចំនួនផង។ផ្ទុយ មកវិញការបរិភោគបន្លែផ្លែឈើគ្មានសុវត្តិភាពវាបានគំរាមកំហែងសុខភាពទាំងរយៈពេលខ្លី និងវែង។ជម្រើសដ៏ល្អរបស់យើងគួរតែដល់ពេលថែទាំសុខភាព មិនត្រូវបរិភោគ អាហារ ដែលមានសារជាតិគីមីបន្តទៀតឡើយ។
ក្នុងពិធីនេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា៖ការរៀបចំឱ្យមានការដាក់តាំងលក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គផ្សេងៗ នៅថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់នេះ គឺដើម្បីលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ទិញបន្លែសុវត្ថិភាពជូនចំពោះមនុស្សជាទីស្រឡាញ់។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ដោយ លើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ក៏ដូចជាម្ចាស់ផលិតផលកសិកម្មទាំងអស់ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមកកែច្នៃសម្រាប់វេចខ្ចប់ ដ្បិតវាអាចជួយបង្កើនភាពទាក់ទាញ និងកាត់បន្ថយការចំណាយ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីថ្លែងដោយបញ្ជាក់ផងថា៖ ក្រសួងបានលើកស្ទួយ និងដោះស្រាយជូនដល់ប្រជាកសិករនូវផលិតផលកសិកម្ម សំដៅធ្វើយ៉ាងណាឱ្យ កសិកររកទីផ្សារបានល្អប្រសើរជាងមុន និងពិសេសទាំងគុណភាពផលិតផល ក៏កាន់តែ ជាទីទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ។
គួរបញ្ជាក់ថាបើតាមក្រសួងកសិកម្មបានឱ្យដឹងនាកន្លងមកថាកម្ពុជាសម្រេចបានការនាំចេញបន្លែចម្រុះគ្រប់ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសក្នុងបរិមាណ ១២១,១៩ តោន នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣កន្លងមក ដែលមានការកើនឡើង ១៥០,៣៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។សម្រាប់កំណើននៃការកែច្នៃកសិផលបានជួយស្រូបយកវត្ថុធាតុដើមក្នុងស្រុក ដោយបានចូលរួមចំណែកបង្កើនតម្លៃបន្ថែមដល់ខ្សែចង្វាក់តម្លៃដំណាំនៅកម្ពុជាកាន់តែល្អប្រសើរឡើង៕
អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖លោក វ៉េងលីមហ៊ួត









