សប្តាហ៍នេះ បារាំង-អ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងសន្តិសុខ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅវិមានអេលីហ្សេ (Elysee) ។

ការិយាល័យរបស់លោក ម៉ាក្រុង ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា កិច្ចព្រមព្រៀងនេះ តបតាមការប្តេជ្ញាចិត្តរបស់ក្រុមប្រទេស G7 នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង Vilnius ក្នុងខែកក្កដា ឆ្នាំ ២០២៣។ នៅពេលនោះ មេដឹកនាំណាតូមិនបានកំណត់ពេលវេលា សម្រាប់អ៊ុយក្រែនដើម្បីចូលរួមប្លុកយោធានេះទេ ប៉ុន្តែបណ្តាប្រទេស G7 បានសន្យាថា នឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខរយៈពេលវែង។

ជាក់ស្តែង អង់គ្លេស និងអ៊ុយក្រែន បានចុះហត្ថលេខារួចហើយ លើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីក្នុងខែមករា ខណៈដែលអ៊ុយក្រែនក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត។ កិច្ចព្រមព្រៀងសន្តិសុខនេះ អាចរួមមានការផ្តល់ឧបករណ៍យោធាទំនើប និងការបណ្តុះបណ្តាលទាហានអ៊ុយក្រែនជាដើម។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប្រទេសបារាំងគឺជាអ្នកគាំទ្រកំពូលម្នាក់របស់អ៊ុយក្រែន។

តួយ៉ាង កាលពីខែមករាកន្លងទៅ ប្រធានាធិបតីបារាំងបានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុប ឲ្យត្រៀមខ្លួនគាំទ្រអ៊ុយក្រែន ក្នុងករណីដែលសហរដ្ឋអាមេរិកសម្រេចដកជំនួយ។ កងទ័ពអ៊ុយក្រែនបច្ចុប្បន្ន កំពុងប្រឈមមុខនឹងស្ថានភាពលំបាកកាន់តែខ្លាំងឡើងនៅសមរភូមិជួរមុខភាគខាងកើត ដោយសារតែកង្វះគ្រាប់រំសេវ និងរងការវាយប្រហារថ្មីៗរបស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner