Airbus ធ្លាក់ចុះប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ ២០២៣
ប៉ារីស៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ក្នុងថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធចំនួន ៣.៨ពាន់លានអឺរ៉ូ ឬប្រហែល ៤.១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។
នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury បាននិយាយយ៉ាងដូច្នេះថា ក្នុងឆ្នាំ ២០២៣ យើងបានកត់ត្រាការបញ្ជាទិញដ៏រឹងមាំ ហើយយើងបានបំពេញតាមការប្តេជ្ញាចិត្តរបស់យើង… នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយ។
ក្រុមហ៊ុន Airbus បានបញ្ជាក់ថា ខ្លួនបានទទួលការបញ្ជាទិញយន្តហោះចំនួន ២,០៩៤គ្រឿងក្នុងឆ្នាំ ២០២៣ តួលេខនេះបានបំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៣។
ក្នុងនោះយន្តហោះប្រភេទ A320 និងយន្តហោះ A350 នាំមុខគេក្នុងបញ្ជីបញ្ជាទិញ។ ការបញ្ជាទិញនេះ បានស្រូបទាញប្រាក់ចំណូលរបស់ក្រុមហ៊ុន Airbus កើនឡើង ១១ភាគរយ ដល់ ៦៥.៤ពាន់លានអឺរ៉ូ ឬប្រហែល ៧០.២ពាន់លានដុល្លារ ក្នុងនោះប្រាក់ចំណូលពីការលក់យន្តហោះពាណិជ្ជកម្មកើនឡើង ១៥ភាគរយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus បានចែកចាយយន្តហោះចំនួន ៧៣៥គ្រឿងកាលពីឆ្នាំមុន បើទោះបីជាមានបញ្ហានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនក៏ដោយ ហើយរំពឹងថា ខ្លួនគ្រោងនឹងចែកចាយយន្តហោះប្រហែល ៨០០គ្រឿងនៅឆ្នាំ ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
