កូរ៉េខាងជើង និងជប៉ុនចង់ស្តារទំនាក់ទំនងឡើងវិញ

ព្យុងយ៉ាង៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា កូរ៉េខាងជើងនឹងបើកចំហរការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយជប៉ុន ហើយស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំជប៉ុនមកកាន់រដ្ឋធានីព្យុងយ៉ាង សម្រាប់ពេលអនាគត។

ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី គីម យ៉ូជុង ជាការឆ្លើយតបទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលបាននិយាយកាលពីសប្តាហ៍មុនថា លោកចង់ផ្លាស់ប្តូរទំនាក់ទំនងបច្ចុប្បន្នរវាងជប៉ុន និងកូរ៉េខាងជើង។ លោកស្រី គីម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងជើង-ជប៉ុនអាចបើកទំព័រអនាគតថ្មីជាមួយគ្នាបាន គឺអាស្រ័យលើសកម្មភាពរបស់ទីក្រុងតូក្យូ មិនថា ទោះបីជាបញ្ហាកូរ៉េខាងជើងចាប់ពង្រត់ពលរដ្ឋជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០។

កូរ៉េខាងជើងបានសារភាពកាលពីឆ្នាំ ២០០២ ថា ខ្លួនបានបញ្ជូនភ្នាក់ងារទៅចាប់ពង្រត់ជនជាតិជប៉ុន ១៣នាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ដោយជំរុញពួកគេឱ្យចូលរួមក្នុងសេវាកម្មបណ្តុះបណ្តាលចារកម្មរបស់ខ្លួន។ ជុំវិញបញ្ហានេះដែរ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Junichiro Koizumi បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាង ពេលកាន់តំណែងក្នុងឆ្នាំ ២០០២ ដោយបានជួបជាមួយឪពុករបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គឺលោក គីម ជុងអ៊ីល។

មេដឹកនាំទាំងពីរបានព្រមព្រៀងធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា ដោយជប៉ុននឹងផ្តល់ជំនួយសេដ្ឋកិច្ច។ ហើយពលរដ្ឋជប៉ុន ៥នាក់ក៏ត្រូវបានដោះលែងនៅពេលនោះផងដែរ។ ប៉ុន្តែភ្លាមៗនោះ ការប្រឹងប្រែងការទូតបានរលត់ទៅវិញ ដោយសារការព្រួយបារម្ភរបស់ជប៉ុនដែលថា កូរ៉េខាងជើងមិនមានភាពច្បាស់លាស់ អំពីពលរដ្ឋខ្លួនដែលត្រូវបានចាប់ពង្រត់។ ដូច្នេះការចាប់ពង្រត់នៅតែជាបញ្ហាក្តៅ និងដក់ជាប់ផ្លូវចិត្តនៅក្នុងប្រទេសជប៉ុន។

សូមរម្លឹកថា នៅក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំមុន លោក គីស៊ីដា បានបង្ហាញពីបំណងចង់ជួបជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ និងថា ជប៉ុនមានឆន្ទៈដោះស្រាយបញ្ហាទាំងអស់ រួមទាំងការចាប់ពង្រត់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner