NATO ធ្វើសមយុទ្ធយោធាដ៏ធំបំផុត មិនធ្លាប់មាន អំឡុងច្រើនទសវត្សរ៍
បរទេស៖ អង្គការយោធាអន្តរជាតិ «ណាតូ» បាននិងកំពុងធ្វើសមយុទ្ធយោធា មានរយៈពេលរាប់ខែ ដ៏ធំបំផុតរបស់ខ្លួន មិនធ្លាប់មាន ពោលគឺចាប់តាំងពីសង្គ្រាមត្រជាក់ កាលពីរាប់សិបឆ្នាំមុន។
សមយុទ្ធ «Steadfast Defender 24» នេះ បានចាប់ផ្តើម តាំងពីថ្ងៃពុធ សប្តាហ៍នេះ ហើយគ្រោងនឹងបញ្ចប់ នៅខែឧសភា។ នាថ្ងៃសៅរ៍នេះ រូបភាពខ្លះៗ នៃសមយុទ្ធ ត្រូវបានបង្ហាញ ជាមួយនឹងនាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ទៅកាន់ទឹកដីសម្ព័ន្ធមិត្ត នៅអឺរ៉ុប។ នាវាកងទ័ពជើងទឹកចំនួន ៥០ គ្រឿង, យន្តហោះ ៨០ គ្រឿង និងរថយន្តប្រយុទ្ធជាង ១១០០ គ្រឿងត្រូវចូលរួម។ ទាហានប្រហែល ៩ម៉ឺននាក់ មានវត្តមាន ក្នុងសមយុទ្ធ។
សមយុទ្ធនេះត្រូវចាត់ទុកថា ជាការសាកល្បងការការពាររបស់ខ្លួន ក្នុងការប្រឈមមុខនឹងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន។ សមយុទ្ធនេះលាតសន្ធឹងពីអាមេរិកខាងជើង ទៅកាន់ផ្នែកខាងកើតរបស់បណ្តាប្រទេសសមាជិកអង្គការណាតូ ដែលនៅជិតព្រំដែនរុស្ស៊ី។
ឧត្តមសេនីយ Christopher Cavoli មេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូ បាននិយាយថា «សម័ន្ធយោធានេះនឹងបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការពង្រឹងតំបន់អឺរ៉ុប-អាត្លង់ទិក តាមរយៈចលនា ឆ្លងកាត់អាត្លង់ទិកនៃកងកម្លាំង មកពីអាមេរិកខាងជើង» ។
លោកថា សមយុទ្ធនេះនឹងបង្ហាញយ៉ាងច្បាស់អំពីការរួបរួមកម្លាំង និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារគ្នាទៅវិញទៅមក តម្លៃរបស់យើង និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។
ជាសមយុទ្ធដ៏ធំបំផុត ចាប់តាំងពីសមយុទ្ធ Reforger ឆ្នាំ ១៩៨៨ កំឡុងសង្គ្រាមត្រជាក់។ អង្គការណាតូបានកែលម្អការការពាររបស់ខ្លួន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពាន លើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត