ប្រធាន គ.ជ.ប ចុះពិនិត្យមើលការរៀបចំការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល
ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះពិនិត្យមើលការរៀបចំការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប