លោកជំទាវ ពោធិតី សាវត្ថី៖ រយៈពេល៦ខែ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺឃើញមានភាពរីកចម្រើនច្រើន
ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា រយៈពេល៦ខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺឃើញមានភាពរីកចម្រើនច្រើន គឺទី១.ការដឹកនាំការទូត ទំនាក់ទំនងការទូត គឺសម្តេចធិបតីបានធ្វើការដោយរស់រវើក រហូតដល់ទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុននៅប្រទេសកម្ពុជាបានយ៉ាងច្រើន ដើម្បីផលប្រយោជន៍ជាតិ។ ទី២.សម្តេចធិបតី ហ៊ុន ម៉ាណែត ហ៊ានវះកាត់គ្រប់បែបយ៉ាងដែលមានចំណុចខ្លះនឹកស្មានមិនដល់ ហើយការវះកាត់កែទម្រង់នេះ គឺជារឿងសំខាន់ណាស់ក្នុងការដឹកនាំប្រទេសកន្លងមកដែលនៅមានចំណុចសេសសល់ និងទី៣.សម្កេចធិបតីហ៊ានកំចាត់គ្រឿងញៀនដែលជារឿងរសើបបំផុតនៅក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។
លោកជំទាវ ពោធិតី សាវត្ថី បានមានប្រសាសន៍បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្លាហានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានសំណាងច្រើន ដែលសម្តេចធិបតីហ៊ានកែទម្រង់ចេញច្បាប់កំចាត់គ្រឿងញៀនខុសច្បាប់គ្រប់រូបភាពដែលអាចធ្វើទៅបាន។
សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាខួបគម្រប់៦ខែគត់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ៦ខែនៃអាណត្តិ៥ឆ្នាំរបស់ខ្លួន គឺជារយៈពេលខ្លីណាស់ដែលត្រូវនិយាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មីដែលទើបចាប់ផ្តើមដំណើរការដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។ ប៉ុន្តែពេលវេលាមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ។ ការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេលវេលា។ ជាក់ស្តែង ភាពស្វាហាប់ សកម្មក្លៀវក្លា របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល៦ខែនេះ បានសម្រេចលទ្ធផលហួសពីការស្មាន និងធ្វើឱ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស៕
ដោយ៖ពលជ័យ