អ្នកសារព័ត៌មានជាតិ អន្តរជាតិ​​ជាង៣០០នាក់និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភ្នាក់ងារគណបក្សជាង១ ០០០នាក់ចូលរួមឃ្លាំមើលការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃអាទិត្យនេះ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៣៣១នាក់បានចុះឈ្មោះដើម្បីផ្តិតយករូបភាព និងយកព័ត៌មានក្នុងព្រឹត្តិការណ៍បោះឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈនេះ។ ដោយឡែកក៏មាន​អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សចូលរួមជាង១ ០០០ នាក់ផងដែរ។

អ្នកសារព័ត៌មានដែលបានចុះឈ្មោះនិងទទួលស្គាល់ដោយគ.ជ.ប ទាំង​៣៣១​នាក់ ក្នុងនេះអ្នកសារព័ត៌មានជាតិចំនួន៣០៦នាក់មកពីស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ និងឯកជន សារព័ត៌មានបោះពុម្ព គេហទំព័រ មន្ទីរព័ត៌មានខេត្តចំនួន​៤៥និង អ្នកសារព័ត៌មានអន្តរជាតិចំនួន២៥នាក់ មកពីវិទ្យុ ទូរទស្សន៍ កាសែត ទីភ្នាក់ងារ។

គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈនេះដែរគ.ជ.បបានឱ្យដឹងថា មានអ្នកសង្កេតការណ៍ជាតិចំនួន៧៦០នាក់មកពី១៨ស្ថាប័ននិងអ្នក សង្កេតការណ៍អន្តរជាតិចំនួន៣០ នាក់។

ដោយឡែកភ្នាក់ងារគណបក្សសរុប ២២៨នាក់(ស្រី៣៩នាក់)ក្នុងនេះ គណបក្សប្រជាជនកម្ពុជាចំនួន ៦៦នាក់(ស្រី១៩នាក់), គណបក្សឆន្ទៈខ្មែរចំនួន៦៤នាក់(ស្រី៩នាក់),​គណបក្ស​ហ្វុនស៊ិនប៉ិចចំនួន៤៥នាក់(ស្រី៧នាក់)និងកម្លាំងជាតិចំនួន៥៣នាក់
(ស្រី៤នាក់)។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈនៅការិយាល័យបោះឆ្នោតចំនួន​៣៣ នៃ៨​ភូមិភាគ។ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្រ្តនៅក្នុងតំណែងចំនួន១២៥រូប(គណបក្សប្រជាជនកម្ពុជា​១២០រូបនិងគណបក្សហ្វុនស៊ិនប៉ិច ៥រូប) និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែង​ចំនួន១១ ៦២២រូប៕ដោយ៖ពលជ័យ
សូមជូនសេចក្តីប្រកាសព័ត៌មាន៖

ads banner