បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ផ្តើមដំណើរការ

ភ្នំពេញ៖ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ នេះ ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានចាប់ផ្តើមហើយ។ អង្គបោះឆ្នោតបានឈរតម្រង់ជួរនៅមុខការិយាល័យបោះឆ្នោតដើម្បីចូលទៅបោះឆ្នោត។

អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ ភូមិភាគ។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗមានចំនួនសរុប ១១,៧៤៧ នាក់ ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតនេះមានចំនួន ៣៣ ការិយាល័យ៕
ដោយ៖ពលជ័យ

ads banner