នាយករដ្ឋមន្ត្រី៖ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា ។

សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបន្តថា កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការ ឬពណ៌សម្បុរនយោបាយឡើយ ហើយពលរដ្ឋខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសយុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម”។ ដូច្នេះហើយ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ឈរលើលទ្ធផលនះ អត្តពលិកកម្ពុជា ដែលដណ្តើមមេដាយពីលើឆាកអន្តរជាតិតែងតែទទួលបាន ការលើកទឹកចិត្ត និងថវិកាជាតិជាប្រាក់រង្វាន់តាមគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចកាលតែងបានលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី នូវរាល់ការប្រកួត ទាំងក្នុងស្រុក ក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេស គឺកម្ពុជាបាននិងកំពុងកសាងកិត្តិយសដ៏ធំធេងតាមរយៈការយកឈ្នះមេដាយមាសកម្រិតពិភពលោកជាបន្តបន្ទាប់ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលធំធេង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ លើការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលយើងបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៩គ្រឿង ។

ជាមួយគ្នានេះផងដែរ សម្តេចធិបតី បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា កីឡាករ និងកីឡាការិនីកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាព និងការត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យ បាន កាន់ តែច្រើនជូនជាតិមាតុភូមិ ។ លើសពីនេះ រាជរដ្ឋាភិបាល នឹងបន្តប្តេជ្ញាគាំទ្រវិស័យកីឡា, កីឡាករ និងកីឡាការិនីយើង ទាំងស្មារតី និងថវិកា ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរ និងទទួលបានជ័យជម្នះ ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner