លោក Zelensky ស្វែងរកការគាំទ្រពីក្រុមប្រទេសនៃប្លុក Balkan
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានស្វែងរកការគាំទ្រពីតំបន់បាល់កង់ (Balkan) សម្រាប់ចក្ខុវិស័យ ដើម្បីសន្តិភាពនៅអ៊ុយក្រែន ដោយលើកឡើងនូវគំនិត នៃការផលិតអាវុធរួមគ្នា។ តំបន់បាល់កង់ សំដៅលើបណ្តាប្រទេស នៅអឺរ៉ុបភាគអាគ្នេយ៍។
អាន. កិច្ចប្រជុំអ៊ុយក្រែននិងក្រុមប្រទេស បាល់កង់ (Balkan) នេះ រយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ។ កិច្ចប្រជុំធ្វើឡើង នៅពេលដែលក្រុងគៀវព្យាយាមបង្កើនសមត្ថភាពការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ីជាងពីរឆ្នាំ បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ី។
លោក Zelensky បានថ្លែងអំណរគុណដល់មេដឹកនាំប្រទេសបាល់កង់ សម្រាប់ការគាំទ្រផ្នែកយោធា និងមនុស្សធម៌របស់ពួកគេក្នុងរយៈពេលពីរឆ្នាំនៃសង្គ្រាម ប៉ុន្តែបានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់នៅមានកម្រិតទាបនៅឡើយ។
លោកបានបន្ថែមថា «យើងមើលឃើញបញ្ហាជាមួយនឹងការផ្គត់ផ្គង់គ្រាប់រំសេវ ដែលកំពុងប៉ះពាល់ដល់ស្ថានភាពនៅលើសមរភូមិ»។ លោកបន្ថែមថា រដ្ឋបាលរបស់លោកចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះ «វេទិកាឧស្សាហកម្មការពារជាតិអ៊ុយក្រែន-បាល់កង់» នាពេលអនាគត។
លោកក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama ដែរ កាលពីថ្ងៃពុធ។ ក្រោយជំនួប ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា ភាគីទាំងពីរកំពុងស្វែងរកកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀត។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Zelensky បានធ្វើដំណើរទស្សនកិច្ចជាច្រើនប្រទេស ដើម្បីស្វែងរកការគាំទ្រសម្រាប់ប្រទេសរបស់លោក ខណៈដែលការគាំទ្រថ្មីរបស់សហរដ្ឋអាមេរិក កំពុងជាប់គាំង ត្រឹមសភា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត