ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ក្នុង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បន្ទាប់ពីបានបន្តកិច្ចប្រជុំអន្តរក្រសួង ជាមួយឯកឧត្តម អភិបាលខេត្ត តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ នៅសាលាខេត្តពោធ៍សាត់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ។

ដើម្បីស្វែងរកការពិត និងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់លោកស្រី ស៊ឹង សុខអាង ដែលទទួលបានសិទ្ធ នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ឯកឧត្តមអភិបាល ខេត្តពោធិ៍សាត់ តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួលតាមគ្រប់រូបភាព ដល់គណៈប្រតិភូក្រសួងអធិការកិច្ច ។

សូមជម្រាបជូនថា លោកស្រី ស៊ឹង សុខអាង ទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ទំហំផ្ទៃដី ៩,៦១៨ហិកតា (ទិន្នន័យរបស់ក្រុមការងារខេត្ត) នៅចំណុចជើងភ្នំ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ក្នុងនោះ ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី អភិវឌ្ឍន៍ចំនួន ៣គម្រោង ដែលមួយគម្រោងៗក្រោម ១០ហិកតា ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនសហគមន៍មូលដ្ឋាន ព្រមទាំងការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តាមរយៈការបំផុសចលនាទេសចរណ៍ជាតិ និងអន្តរជាតិ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner