សហភាពអឺរ៉ុប សន្យាផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ ដើម្បីគំាទ្រដល់ គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣

(ភ្នំពេញ)៖ ក្នុងការអនុវត្តប្រកបដោយជោគជ័យ នៃគម្រោងទឹកស្អាតបាក់ខែងដំណាក់ កាល ទី ១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។

តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យា ផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លាសហរដ្ឋអាមេរិក (១២ លានអឺរ៉ូ) ដើម្បីគំា ទ្រ ដល់គម្រោងបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។នេះជាការលើកឡើងពីសំណាក់ លោកជំទាវ ជូតា អេភើលឡៃនីន(Jutta Urpilainen) ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ។

គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ លោកជំទាវ ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុប ទទួល បន្ទុកភាពជាដៃគូអន្តរជាតិនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចមកកាន់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីប្រកាសចាប់ផ្តើមដំណាក់ទី៣នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ក្រោម គំនិត ផ្តួចផ្តើម EU Global Gateway និងសន្និសីទសារព័ត៌មានស្តីភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនិងការផ្គត់ផ្គង់ទឹកស្អាតនាព្រឹកថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៤នេះ។

លោកជំទាវជូតា អេភើលឡៃនីនបានឱ្យដឹងថា ៖ រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជា គម្រោងវិនិយោគរបស់អឺរ៉ុបដ៌ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្រ្តវិនិយោគ ច្រកចូល ទៅកាន់ពិភពលោករបស់អឺរ៉ុប (EU Global Gateway)។ ការវិនិយោគនេះបានជួយធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង២លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោកជំទាវថា”ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងច្រើនដែលធ្វើឱ្យមនុស្សជាច្រើនចាកចេញពីភាពក្រីក្រក្នុងរយៈពេល ២០ឆ្នាំមកនេះ”។ លោកជំទាវ ក៏បានរំលេចអំពីសារៈសំខាន់ នៃការទទួលបានសេវាទឹកស្អាត ថាជាសិទ្ធិមូលដ្ឋានដ៌សំខាន់មួយ និងជាកត្តាដ៏ចំបង ក្នុងការ ជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងបញ្ជាក់ថា៖ “រោងចក្រផលិតទឹកស្អាតបាក់ខែងគឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់ សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ដែលជាកត្តា សំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។

យើងសូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធចំពោះការបន្តគាំទ្រ ដ៏ខ្ជាប់ ខ្ជួន ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា”។ ឯកឧត្តម បញ្ជាក់បន្ថែមថា ៖ រោង ចក្រ ផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថិភាពផលិតទឺក ស្អាត បាន ចំនួន ៣៩ម៉ឺនមែត្រគូបក្នុង ១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលធានាបាននូវការផលិតទឹកស្អាតដល់ប្រជាពលរដ្ឋរាប់លាននាក់។ គម្រោងនេះក៏បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មីដល់ប្រជាពលរដ្ឋប្រមាណ ១៧ម៉ឺនតំណ រួមទាំងប្រជាពលរដ្ឋក្រីក្រ និងរោងចក្រសហគ្រាសប្រមាណជា ២ម៉ឺន៥ពាន់តំណផងដែរ ។

គម្រោងបាក់ខែងដំណាក់កាលទី៣ គឺជាគម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហានទៅមុខមួយទៀតគួរឱ្យកត់សម្គាល់ ឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ ។

គួរបញ្ជាក់ថា លោកជំទាវ ជូតា អេភើលឡៃនីន បានជ្រើសរើសយកកម្ពុជា ជាប្រទេសទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបំពេញទស្សនកិច្ច។ ការជួបសន្ទនារបស់លោកជំទាវជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា យុវជន និងសង្គមស៊ីវិល គឺជាឱកាសមួយ ដើម្បីឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៌យូរអង្វែងរវាងអឺរ៉ុប និងកម្ពុជាកន្លងមក ក៌ដូចជាដើម្បីប្រកាសចាប់ផ្តើមនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីលើកកម្ពស់ការវិនិយោគក្នុងភាពជាដៃគូជាមួយសហភាពអឹរ៉ុប ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner