សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មណ្ឌលសុខភាព ត្រូវមានថ្នាំល្អ កុំឱ្យហួសដឺឡេ និងមានសម្ភារៈដែលមានគុណភាពល្អ

(កណ្ដាល)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីពេលថ្មីៗនេះ សម្តេចបានឱ្យគោលការណ៍ ទៅក្រសួងសុខាភិបាល ត្រូវធានាដេញថ្លៃ ទិញថ្នាំ និងសម្ភារៈបរិក្ខាពេទ្យ ដើម្បីធ្វើយ៉ាងណា ទម្លាក់ទៅដល់មណ្ឌលសុខភាព នៅតាមមូលដ្ឋាន ត្រូវមានថ្នាំល្អ មិនហួសសុពលភាព និងមានសម្ភារៈបរិក្ខាពេទ្យ ដែលមានគុណភាពខ្ពស់ ដែលជាកិច្ចការសំខាន់ សម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់បរិមាណក្រុមគ្រូពេទ្យ មណ្ឌលសុខភាព ត្រូវបានរុញទៅដល់មូលដ្ឋាន ប៉ុន្តែ ក៏នៅសល់ឃុំបន្តិចបន្តួច នៅតំបន់ដាច់ស្រយាល តែរាជរដ្ឋាភិបាល កំពុងតែពិនិត្យ ដើម្បីបំពេញបន្ថែមជាជំហ៊ានៗ ខណៈដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងគុណភាពលើផ្នែកសុខាភិបាល ជាងការពង្រីក។ រីឯមន្ត្រីផ្នែកសុខាភិបាល ក៏ត្រូវបានជ្រើសរើសថ្មីជាច្រើនតាមរយៈការប្រឡងប្រជែង ព្រមទាំងមានការបណ្តុះបណ្តាលសមត្ថភាព និងលើកទឹកចិត្តជាដើម។

សម្តេចធិបតី បានបញ្ជាក់ថា៖ ឥឡូវ កំពុងតែដាក់ថវិកាបន្ថែម ដើម្បីទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការ ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដើម្បីបង្កើនអីឡូវដូចយើងអាចផ្តល់ជូន ៥ថ្ងៃ ឬមួយអាទិត្យ អញ្ចឹងថ្ងៃក្រោយបង្កើនថវិកា ដើម្បីអាចធានាផ្តល់ជូនគាត់បានច្រើនជាងហ្នឹង ព្រោះអាហ្នឹងត្រូវការជាប់រហូត ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបញ្ជាទិញថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែមនេះ គឺធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺ កុំឱ្យពួកគាត់ដំណើរពីចម្ងាយបើកថ្នាំពីមន្ទីរពេទ្យ ញឹកញាប់ពេក ខណៈដែលមានអ្នកជំងឺមួយចំនួន ពួកគាត់ មានលំនៅឆ្ងាយពីទីតាំងបើកថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ៗថា យើងត្រូវពង្រឹងអ្វីឱ្យចំគោលដៅ ដូច្នេះ អ្វីដែលសំខាន់ថ្នាំ និងសម្ភារៈសុខាភិបាលត្រូវបានល្អ និងមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋ ។ យើងមិនអាចចោលប្រជាពលរដ្ឋណាម្នាក់នោះឡើយ គ្រប់គ្នា គឺជាកម្លាំងរបស់ជាតិ ។ សម្តេច ថា បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner