សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមចូលរួមបិទកិច្ចប្រជុំសសយក (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញចូលរួមបិទ «កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា» នៅថ្ងៃព្រហស្បតិ៍ទី១៤មីនានេះ។
សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាស្ថាប័នយុវជន នៃទំពាំងស្នងឫស្សី ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
លោក ហ៊ុន ម៉ានី ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៣មីនា បានថ្លែងកត់សម្គាល់ថា «ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តតួនាទីស្នូលរបស់ខ្លួនបានយ៉ាងរឹងមាំ ស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលបានប្រែក្លាយរាល់បញ្ហាប្រឈម និងជាកាលានុវត្តន៍ភាព ដើម្បីចូលរួមយ៉ាងសកម្មក្នុងបញ្ហាសង្គម និងបន្ដចូលរួមជាធ្លុងមួយ ជ្រោងទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ»។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានបញ្ជាក់ការប្តេជ្ញា «បន្ដបោះជំហានទៅមុខយ៉ាងមុះមុត ស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ឯករាជ្យ ម្ចាស់ការ និងច្នៃប្រឌិត ដោយបានផ្ដួចផ្ដើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំ ដល់យុវជន ឲ្យមានលក្ខណៈសម្បត្តិជាវិជ្ជមាន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ប្រកបដោយសក្ដានុពលលើគ្រប់វិស័យ»។