កូរ៉េខាងជើងបញ្ចេញរថក្រោះចម្បាំងប្រភេទថ្មីដ៏មានអនុភាព

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ ចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើករថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មី នៅពេលគាត់ចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធហ្វឹកហ្វឺនយោធា។

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា បន្ទាប់ពីបានពិនិត្យមើលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួច លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះរថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មីរបស់កូរ៉េខាងជើង ដែលបានបង្ហាញពីថាមពលវាយប្រហារដ៏ល្អឥតខ្ចោះដោយជោគជ័យ។

មេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទី និងកាតព្វកិច្ចរបស់ទាហានរថក្រោះក្នុងសង្គ្រាមសម័យទំនើប ក៏ដូចជាតម្រូវការរៀបចំសមយុទ្ធសម្រាប់សង្គ្រាមជាក់ស្តែង។

ដំណើរទស្សនកិច្ចរបស់លោក គីម កើតឡើងស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធ Freedom Shield ប្រចាំឆ្នាំ ដែលពាក់ព័ន្ធនឹងសមយុទ្ធស្ទាក់ចាប់មីស៊ីល និងការវាយលុកតាមអាកាស។

កូរ៉េខាងជើងដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃ បានថ្កោលទោសជាយូរណាស់មកហើយ ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក-កូរ៉េខាងត្បូង ដោយហៅការសម្ញែងកម្លាំងយោធានេះថា ជាការហាត់សមសម្រាប់ការឈ្លានពាន ហើយថែមទាំងបានធ្វើតេស្តសព្វាវុធជាបន្តបន្ទាប់ ដើម្បីជាការឆ្លើយតប៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner