កម្ពុជា និងឥណ្ឌា រៀបចំកិច្ចប្រជុំធុរកិច្ចវិស័យសារធាតុគីមី

ភ្នំពេញ៖ គណៈប្រតិភូឥណ្ឌាតំណាងឱ្យក្រុមហ៊ុនជាង ២០ ដែលចូលរួមក្នុងការផលិត និងនាំចេញថ្នាំជ្រលក់ សារធាតុជ្រលក់ សារធាតុគីមីសរីរាង្គ និងសរីរាង្គ រួមមាន គីមីកសិកម្ម គីមីពិសេស និងគ្រឿងសំអាង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំធុរកិច្ចជាមួយធុរកិច្ចកម្ពុជា នៅសណ្ឋាគារហៃយ៉ាដរ៉េស៊ីដិន រាជធានីភ្នំពេញ។

អាន. លោក Siddhartha Kumar ប្រធានគណៈប្រតិភូ និងជានាយកប្រចាំតំបន់នៃ Chemexcil ដែលជាក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលគីមី គ្រឿងសំអាង និងថ្នាំជ្រលក់ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ និងបានពន្យល់លម្អិតអំពីវិស័យគីមីនៅប្រទេសឥណ្ឌា។ លោកបន្តថា ឧស្សាហកម្មគីមី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍឧស្សាហកម្ម និងកសិកម្មរបស់ប្រទេសឥណ្ឌា។ លោកបន្ថែមថា ឧស្សាហកម្មដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ២២០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០២៥ និង ១ទ្រីលានដុល្លារនៅឆ្នាំ២០៤០។

ឥណ្ឌាគឺជាប្រទេសផលិតសារធាតុគីមីធំបំផុតទី៦ នៅលើពិភពលោក និងទី៣ នៅក្នុងអាស៊ី បន្ទាប់ពីជប៉ុនបានរួមចំណែក ៧ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌា។ លោកជំទាវវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានប្រសាសន៍ថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយដ៏កក់ក្តៅ និងស្និទ្ធស្នាល ហើយវាជាឱកាសមួយក្នុងការបង្កើននូវសុច្ឆន្ទៈគ្នាទៅវិញទៅមក ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានជំរុញឱ្យក្រុមហ៊ុនឥណ្ឌាសម្លឹងមើលប្រទេសកម្ពុជា សម្រាប់ឱកាសអាជីវកម្ម ក៏ដូចជាអាជីវកម្មកម្ពុជាដើម្បីប្រើប្រាស់ឱកាសនៅក្នុងប្រទេសឥណ្ឌា។

លោកជំទាវបន្ថែមថា វិធានការផ្សេងៗ រួមមាន ក្រុមការងាររួមឥណ្ឌា-កម្ពុជា លើពាណិជ្ជកម្ម និងការវិនិយោគ ការបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគី ការបង្កើតការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ ក្រុមប្រឹក្សាធុរកិច្ចរួមរវាងឥណ្ឌា និងកម្ពុជា នឹងសម្រួលដល់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូតបានបង្ហាញទំនុកចិត្តថា កំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ទាំងនៅឥណ្ឌា និងកម្ពុជា នឹងផ្តល់ឱកាសជាច្រើនសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការពង្រីកនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក និងបង្កើតភាពជាដៃគូ។
នាឱកាសនោះដែរ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជាថ្លែងថា ព្រឹត្តិការណ៍នេះបង្ហាញពីចំណាប់អារម្មណ៍របស់សហគមន៍ធុរកិច្ចមកពីប្រទេសឥណ្ឌានៅកម្ពុជា។

ឯកឧត្តមបន្តថា ប្រទេសកម្ពុជាផ្តល់នូវបរិយាកាសងាយស្រួលសម្រាប់អាជីវកម្ម ថ្លៃពលកម្មសមរម្យ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតភ្ជាប់ និងការលើកទឹកចិត្តដ៏សប្បុរស រួមទាំងភាពជាម្ចាស់ពេញលេញរបស់ក្រុមហ៊ុននៅក្នុងស្ទើរតែគ្រប់វិស័យ។ ឯកឧត្តមបន្ថែមថា កម្ពុជាបានកែលម្អបរិយាកាសវិនិយោគរបស់ខ្លួន ដោយធ្វើឱ្យសាមញ្ញ និងឌីជីថលនីតិវិធីនៃការដាក់ពាក្យវិនិយោគ ពង្រឹងការសម្របសម្រួលការវិនិយោគ ទទួលយកការធានាការវិនិយោគអន្តរជាតិ និងតាមរយៈការផ្តល់នូវរបបលើកទឹកចិត្តប្រកបដោយការប្រកួតប្រជែង។ ឯកឧត្តមអគ្គលេខាធិការរងបន្ថែមទៀតថា ក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) ត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ការវិនិយោគទុនពីបរទេសរបស់ឥណ្ឌានៅកម្ពុជា៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner