គណៈអភិបាលខេត្តជួបពិភាក្សាជាមួយអនុព័ន្ធយោធាបរទេស
សៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកនឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាបបាន ជួបពិភាក្សា ការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ ប្រទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោក វរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធា ប្រចាំ ស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនាលោកប្រធាន ប្រតិភូ អនុព័ន្ធយោធាបានចាប់អារម្មណ៍លើការងារ សន្តិសុខ សណ្តាប់ធ្នាប់និងលើកឡើងពីចម្ងាយផ្លូវពីក្រុងសៀមរាបទៅអាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ ។
លោក ពិន ប្រាកដ បានបញ្ជាក់ជូនភ្ញៀវថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារ សន្តិសុខសុវត្ថិភាព ជូនដល់ភ្ញៀវ ទេសចរជាតិអន្តរជាតិនិងគណៈប្រតិភូជាន់ខ្ពស់។ខេត្តជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត និង ជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយ មានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និង ដោយមានកិច្ចការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អ្វី កើតឡើង ។
លោកក៏បានជម្រាបជូនប្រតិភូអំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ និង គម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែល បានកំពុងធ្វើការសិក្សាផ្លូវ ចាប់ពីអាកាសយានដ្ឋានថ្មី ចូល មកក្រុងសៀមរាប ដើមី្បសាងសង់ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងកិច្ចសន្ទនារដ្ឋបាលខេត្តនិងគណៈប្រតិភូបានចែករំលែកបទពិសោធន៍ជូនគ្នា៕
ដោយ៖ ស៊ាន សុផាត