OpenAI ចាប់ដៃគូជាមួយសារព័ត៌មានល្បីៗដើម្បីពង្រឹង ChatGPT
ស្ថាប័នស្រាវជ្រាវបញ្ញាសិប្បនិម្មិតរបស់អាមេរិក OpenAI ប្រកាសចាប់ដៃគូជាមួយទីភ្នាក់ងារសារព័ត៌មានបារាំងប្រចាំថ្ងៃ Le Monde និងក្រុមហ៊ុនសារព័ត៌មានរបស់អេស្ប៉ាញមួយទៀត ឈ្មោះថា Prisa Media ។ OpenAI និយាយថា ខ្លួនមានបំណងអភិវឌ្ឍន៍ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃសិប្បនិម្មិត គំរូភាសា ChatGPT របស់ខ្លួន ដែលទាក់ទងនឹងវិស័យព័ត៌មាន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញពីទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃពុធ ឲ្យដឹងថា OpenAI នឹងអាចប្រើប្រាស់មាតិកាពីការបោះពុម្ពផ្សាយរបស់ Le Monde និង Prisa Media ដែលរួមទាំងបណ្តាញរបស់ Prisa ផ្សេងៗទៀត ដើម្បីបណ្តុះបណ្តាលម៉ូដែល ដែលបំពាក់បច្ចេកវិទ្យាឆ្លាតវៃ សិប្បនិម្មិត។
OpenAI បានអះអាងថា ក្នុងភាពជាដៃគូនេះ មានគោលដៅ ធ្វើឱ្យអ្នកប្រើប្រាស់ ChatGPT នៅជុំវិញពិភពលោកអាចភ្ជាប់ទំនាក់ទំនងជាមួយព័ត៌មាន ក្នុងវិធីថ្មីដែលមានអន្តរកម្ម និងការយល់ដឹង កាន់តែច្រើន។ ប្រភពបន្តថា នៅក្នុងប៉ុន្មានខែ ខាងមុខនេះ អ្នកប្រើប្រាស់ ChatGPT នឹងអាចទទួលសេចក្តីសង្ខេបនៃខ្លឹមសារព័ត៌មាន ពីទីភ្នាក់ងារព័ត៌មានទាំងនេះ រួមជាមួយនឹងតំណភ្ជាប់ទៅកាន់អត្ថបទដើម ផងដែរ។ យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីទំហំហិរញ្ញវត្ថុវិនិយោគ នៃភាពជាដៃគូនេះ មិនត្រូវបានបង្ហាញទេ។
នេះមិនមែនជាលើកដំបូងទេ ដែល OpenAI សហការជាមួយ Media។ កាលពីឆ្នាំមុន OpenAI ធ្លាប់បានប្រកាសពីភាពជាដៃគូ ជាមួយ The Associated Press នៅអាមេរិក និងកាសែត Axel Springer នៅអង់គ្លេស ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត