ប្រមុខការទូតចិនធ្វើទស្សនកិច្ចដ៏កម្រទៅកាន់នូវែលសេឡង់
វែលីងតោន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងថ្ងៃចន្ទនេះ បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសនូវែលសេឡង់ ដោយផ្តោតសំខាន់លើតម្រូវការធ្វើការរួមគ្នារវាងប្រទេសទាំងពីរ នៅពេលប្រឈមមុខនឹងស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង ត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់ទៅលើពាណិជ្ជកម្ម ខណៈដែលទីក្រុងប៉េកាំងកំពុងស្វែងរកមធ្យោបាយបន្ធូរបន្ថយឱនភាពសេដ្ឋកិច្ចក្នុងស្រុក។ ថ្លែងពីរដ្ឋធានីវែលីងតោន លោក វ៉ាង និយាយថា នៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ន ចិនមានឆន្ទៈពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយមិត្តរបស់យើងនៅក្នុងប្រទេសនូវែលសេឡង់ លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាក្តីព្រួយបារម្ភរួម។
លោក វ៉ាង ក៏បានអះអាងមុនពេលចូលរួមកិច្ចប្រជុំបិទទ្វារជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters ដែរថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
នូវែលសេឡង់ គឺជាផ្នែកមួយនៃសម្ព័ន្ធភាពចែករំលែកការស៊ើបការណ៍សម្ងាត់ Five Eyes ជាមួយសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងអូស្ត្រាលី។
ប៉ុន្តែទីក្រុងវែលីងតោន បានរងការរិះគន់ ជុំវិញការប្រកាន់យកឥរិយាបថទន់ជ្រាយលើប្រទេសចិន ដោយដាក់ទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួននាំមុខ ជាជាងការព្រួយបារម្ភផ្នែកសន្តិសុខរបស់សម្ព័ន្ធមិត្ត។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់នូវែលសេឡង់ ហើយប្រជាជនចិនភាគច្រើនមានរសនិយមអាហារ សាច់ ស្រា ទឹកដោះគោ និងឈើរបស់នូវែលសេឡង់ជាយូរមកហើយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា