ឡានក្រុងបុកឡានដឹកប្រេងនៅអាហ្វហ្គានីស្ថាន ២១នាក់ស្លាប់ ៣៨នាក់របួស
កាប៊ុល៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និង ៣៨នាក់ទៀត រងរបួស កាលពីថ្ងៃអាទិត្យ នៅពេលដែលរថយន្តក្រុងមួយគ្រឿងបើកបុកជាមួយរថយន្តដឹកប្រេងមួយគ្រឿងទៀត ហើយបណ្តាលឱ្យផ្ទុះឆេះនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
នាយកដ្ឋានព័ត៌មានអាហ្វហ្គានីស្ថាន បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្វើដំណើរពីទីក្រុង Herat ឆ្ពោះទៅកាន់ទីក្រុង Kabul នៅពេលដំបូងបានបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ ក្រោយមក អ្នកបើកបរបានបាត់បង់ម្ចាស់ការ ហើយបន្តបើកបុកជាមួយរថយន្តដឹកប្រេងមួយគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យមានភ្លើងឆាបឆេះ។
គ្រោះថ្នាក់នេះបានសម្លាប់មនុស្ស ៣នាក់នៅលើរថយន្តដឹកប្រេង និងអ្នកដំណើរ ១៦នាក់នៅលើរថយន្តក្រុង។ សរុបមក គ្រោះថ្នាក់នេះ បានបណ្តាលអោយមនុស្ស ២១នាក់បាត់បង់ជីវិត និង៣៨នាក់ទៀតរងរបួស ក្នុងនោះមាន ១១នាក់រងរបួសធ្ងន់ធ្ងរ។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយបានសម្តែងការសោកស្ដាយចំពោះជនរងគ្រោះបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ និងជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ ហើយថែមទាំងបានជំរុញឲ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ និងគោរពច្បាប់ចរាចរណ៍។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់អាហ្វហ្គាស្ថាន ដែលជាប្រទេសរងគ្រោះដោយសារជម្លោះជាច្រើនទសវត្សរ៍ ដោយសារតែកង្វះបទប្បញ្ញត្តិគ្រប់គ្រង។ តួយ៉ាង ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងរថយន្តដឹកប្រេង បានកើតឡើងក្នុងខែធ្នូ ឆ្នាំ២០២២ នៅពេលដែលរថយន្តនោះបានក្រឡាប់ ហើយបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ បានសម្លាប់មនុស្ស ៣១នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសរលាកភ្លើង៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា