អ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងប្រេងតម្លៃ ១៣ពាន់លានដុល្លារ
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ បានឈានដល់ការចុះកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជំរុញការផលិតប្រេងរបស់ខ្លួន នៅចំពោះមុខទណ្ឌកម្មរបស់លោកខាងលិច។
នៅក្នុងពិធីផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្រសួងប្រេង និងធុរកិច្ចអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានតម្លៃ ១៣ពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មប្រេងប្រចាំថ្ងៃនៅក្នុងវិស័យសំខាន់ៗចំនួន៦។ Shana ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការ សម្រាប់ឧស្សាហកម្មប្រេងអ៊ីរ៉ង់ បានដាក់ស្លាកកិច្ចព្រមព្រៀងនេះថា ជា “កិច្ចសន្យាប្រេងធំបំផុតរបស់អ៊ីរ៉ង់” ហើយបាននិយាយថា កិច្ចព្រមព្រៀងនេះដែរ មានគោលបំណងជំរុញការផលិតប្រេងបន្ថែម ៣៥០,០០០បារ៉ែលក្នុងមួយថ្ងៃ ទៅក្នុងផលិតកម្មប្រចាំថ្ងៃរបស់ប្រទេសអ៊ីរ៉ង់។
កាលពីខែតុលា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានប្រកាសថា ក្នុងឆ្នាំថ្មីក្រោមប្រតិទិនពែក្ស ការផលិតប្រេងរបស់ប្រទេសរបស់គាត់ នឹងឈានដល់ ៣.៦លានបារ៉ែលក្នុងមួយថ្ងៃ។
វិស័យប្រេងរបស់អ៊ីរ៉ង់បានរងការវាយប្រហារនៅឆ្នាំ២០១៨ នៅពេលដែលទណ្ឌកម្មរបស់លោកខាងលិចត្រូវបានដាក់ឡើងវិញ ដោយបង្ខំឱ្យក្រុមហ៊ុនបរទេសចាកចេញពីប្រទេសនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលបង្កើតឡើងដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
យោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានឱ្យដឹងថា អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងឆៅធំបំផុតទី៧ របស់ពិភពលោកក្នុងឆ្នាំ២០២២។ EIA បានឱ្យដឹងទៀតថា អ៊ីរ៉ង់ក៏មានទុនបម្រុងប្រេងដ៏ធំបំផុតទី៣របស់ពិភពលោកផងដែរ តាមពីក្រោយប្រទេសវេណេស៊ុយអេឡា និងអារ៉ាប៊ីសាអូឌីត៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា