ប្រមុខណាតូព្រមានថា ការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ដល់សន្តិសុខពិភពលោក

បាគូ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃអាទិត្យ បានសង្កត់ធ្ងន់លើតម្រូវការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី ហើយថែមទាំងបានហៅការប្រែប្រួលអាកាសធាតុថា ជា “វិបត្តិធ្ងន់ធ្ងរ” ដែលនឹងបង្កផលប៉ះពាល់ដល់សន្តិសុខពិភពលោក។

ប្រមុខអង្គការណាតូបានកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនៅទីក្រុងបាគូ រួមជាមួយប្រធានាធិបតីអាសែបៃហ្សង់ លោក Ilham Aliyev។ ប្រទេសអាសែបៃហ្សង់គ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នៃអង្គការសហប្រជាជាតិ នៅខែវិច្ឆិកាខាងមុខ។

ដោយសរសើរអាសែបៃហ្សង់ ដែលដើរតួនាទីសំខាន់ក្នុងការបញ្ជូនឧស្ម័នធម្មជាតិទៅឱ្យសម្ព័ន្ធមិត្តសំខាន់ៗរបស់ណាតូ លោក Stoltenberg បាននិយាយថា បញ្ហាប្រឈម គឺថាពិភពលោកត្រូវការថាមពល ប៉ុន្តែស្របពេលជាមួយគ្នានេះ ពួកយើងក៏ត្រូវតែប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដីផងដែរ។

ចំណែកលោក Aliyev បាននិយាយថា ស្របពេលដែលប្រទេសរបស់គាត់ គឺជា “អ្នកផ្គត់ផ្គង់ឧស្ម័ន Pan-European” អាសែបៃហ្សង់មានមហិច្ឆតាផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលពណ៌បៃតង។ លោក Aliyev បន្ថែមថា ការជ្រើសរើសរបស់ប្រទេសអាសែបៃហ្សង់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ដល់២៤ ខែវិច្ឆិកាខាងមុខ គឺជាសញ្ញានៃការទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់យើង លើការផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលពណ៌បៃតង។

សូមបញ្ជាក់ថា ឆ្នាំ២០២៤នេះ នឹងក្លាយជាឆ្នាំទី២ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលអាកាសធាតុ COP29 ត្រូវបានប្រទេសប្រេងយក្សទទួលធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីសន្និសីទនេះធ្វើឡើងនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួមកាលពីឆ្នាំមុន។ ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP29 ឆ្នាំនេះ ត្រូវបានប្រគល់ឱ្យលោក Mukhtar Babayev ដែលអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងរដ្ឋរបស់អាសែបៃហ្សង់ ឈ្មោះ SOCAR៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner