កសិករវៀតណាមត្អូញត្អែរពីការគ្មានទឹកសាប

ប្រជាកសិករវៀតណាម រស់នៅសហគមន៍ជាច្រើន ក្នុងខេត្ត Ben Tre កំពុងតស៊ូស្វះស្វែងរកទឹកសាប ខណៈគ្រោះរាំងស្ងួត និងកង្វះទឹកភ្លៀង ជំរុញឲ្យមានកំណើនទឹកសមុទ្រកាន់តែខ្លាំង។

ខេត្ត Ben Tre មានចម្ងាយ ១៣០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មហូជីមិញ។ ក្រៅពីខេត្តនេះ ក៏មានទីតាំងផ្សេងទៀត នៃតំបន់ដីសណ្ដមេគង្គ ដូចជា ខេត្ត Ca Mau ភាគខាងត្បូងដាច់ស្រយាល ជាដើម។ រលកកំដៅអូសបន្លាយ ហើយការខ្វះភ្លៀងកំពុងបណ្តាលឱ្យមានការជ្រៀតចូលនៃទឹកសមុទ្រ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំ នៅក្នុងតំបន់នេះ ជាតំបន់ចិញ្ចឹមប្រជាជន ៩០លាននាក់ ហើយត្រូវបានចាត់ទុកថា ជាតំបន់កសិកម្ម «ចានបាយ» របស់វៀតណាម។

នាង Nguyen Hoai Thuong កសិករ អាយុ៣១ឆ្នាំ បានប្រាប់ AFP កាលពីថ្ងៃអង្គារថា ជារៀងរាល់ថ្ងៃ នាងបន់ស្រន់ឲ្យតែមានភ្លៀងធ្លាក់មកប្រស់ដីដែលកំពុងស្ងួតប្រេះក្រហែង។ នាង Thuong បានប្រាប់ទៀតថា ដោយសារតែមិនមានទឹកសាប នាងត្រូវប្តូរ ទៅចិញ្ចឹមគោ ជំនួសវិញ។ នាងបន្តថា កាលពីខែមុន សូម្បីតែទឹកប្រើប្រាស់ក្នុងផ្ទះ ក៏នាងត្រូវបង្ខំឱ្យទិញ ពីអ្នកជិតខាងដែរ។

ដីសណ្ដទន្លេមេគង្គមួយនេះប្រឈមនឹងការជ្រៀតចូលទឹកប្រៃ រៀងរាល់ឆ្នាំ ប៉ុន្តែ អាកាសធាតុក្តៅខ្លាំង និងការកើនឡើងកម្រិតទឹកសមុទ្រ បានបង្កើនហានិភ័យ កាន់តែធ្ងន់ធ្ងរ។ មន្ត្រីឧតុនិយមនិយាយថា នៅឆ្នាំនេះ ការរងនូវរលកកំដៅ គឺយូរខ្លាំង ខុសពីធម្មតា ដោយពួកគេព្រមានថា អាចនឹងអាក្រក់ជាងនេះទៀត។ ថ្មីៗនេះ ក្រសួងបរិស្ថានបង្ហាញការស្រាវជ្រាវថ្មីមួយថា វៀតណាមប្រឈមនឹងការខាតបង់ផលដំណាំ ប្រចាំឆ្នាំ គិតជាទឹកប្រាក់ ៣ពាន់លានដុល្លារអាមេរិក ដោយសារតែការកើនឡើងកម្រិតទឹកប្រៃ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner