រដ្ឋសភាកម្ពុជា-ថៃ វាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ

ភ្នំពេញ៖ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរសភាអាស៊ានដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាចបើកឱកាសថ្មីសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យអស់សក្តានុពល។

នៅក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគី គណៈប្រតិភូរដ្ឋសភាទាំង២បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថាទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានបញ្ជាក់ថា ឆ្នាំក្រោយនេះជាខួបលើកទី៧៥ឆ្នាំ នៃចំណងការទូតរបស់ប្រទេសទាំង២ ក្នុងន័យនេះ ការទូតសភាគឺដើរតួនាទីសំខាន់ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី ក៏បានគូសបញ្ជាក់បន្ថែម អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានលក្ខណៈពហុវិស័យ និងច្រើនកម្រិត ដោយមានកិច្ចសហប្រតិបត្តិការល្អពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្របខណ្ឌរដ្ឋ និងរដ្ឋ (តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន) ក្របខណ្ឌសភា និងសភា ធុរកិច្ចនិងធុរកិច្ច គណបក្សនយោបាយ និងគណបក្សនយោបាយ និងរវាងប្រជាជន និងប្រជាជន។ ការអភិវឌ្ឍលើវិស័យទេសចរណ៍អាចនឹងជួយពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងជួយជំរុញផលប្រយោជន៍ ទៅវិញទៅមក ក្នុងនោះរួមមានជំរុញកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍ក្រោមពាក្យស្លោក «ព្រះរាជាណាចក្រពីរគោលដៅតែមួយ»។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានបន្ថែមទៀតថា បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណជាងមួយលាននាក់បាន និងកំពុងរស់នៅ និងធ្វើការ យ៉ាងសកម្មលើវិស័យផ្សេងៗក្នុងប្រទេសថៃ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសថៃក៏ដូចជាប្រទេសកម្ពុជា។ តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជាអនេកចំពោះសភាថៃ ក៏ដូចជារាជរដ្ឋាភិបាលថៃ ដែលបានការពារសិទ្ធិសេរីភាព ពលករចំណាកស្រុកកម្ពុជា និងបានផ្តល់ឱកាសដល់ពួកគេមានលទ្ធភាព សមត្ថភាព រកចំណូលដោយស្របច្បាប់ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងបានរួមចំណែកជួយដល់សេដ្ឋកិច្ចសង្គមរបស់ប្រទេសថៃផងដែរ។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រដ្ឋសភាកម្ពុជា និងឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយក៏ដូចជាសមិទ្ធផលសំខាន់ៗស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថាទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ដោយឯកឧត្ដមប្រធានគណៈប្រតិភូបញ្ជាក់ឡើងវិញថា ថៃនិងកម្ពុជាគឺជាបងប្អូន។ ប្រទេសទាំងពីរ ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភាសិតបានលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើជាងមានមិត្តល្អ១០នាក់ដែលនៅឆ្ងាយ។

ឯកឧត្ដមប្រធានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ក៏បានសំណូមពរឱ្យរដ្ឋសភាប្រទេសទាំងពីរមានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាមនិងប្រទេសផ្សេងៗទៀត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយថែមទៀត។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានគោរពអញ្ជើញសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សកិច្ចនៅព្រះរាជាណាចក្រថៃ ដើម្បីមានឱកាសច្រើនថែមទៀតក្នុងការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសភា និងការពិចារណាទៅលើការចុះអនុស្សារណៈរួមជាមួយគ្នា។ ឯកឧត្ដមបានមានប្រសាសន៍លើកឡើងថា ឯកឧត្ដមនឹងជួយជំរុញអ្នកវិនិយោគថៃ ឱ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា ព្រមទាំងលើកកម្ពស់សិទ្ធិពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ និងមើលថែពួកគេនិងគ្រួសារ ដូចជាជាពលករថៃដែរ ដោយកូនចៅរបស់ពលករទាំងនោះមានសិទ្ធិបានចូលសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនាពេលអនាគតដែរ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner