ត្រពាំងទឹកក្នុងតំបន់ការពារធម្មជាតិដើរតួនាទីយ៉ាងសំខាន់សម្រាប់ចិញ្ចឹមសត្វព្រៃ និងសកម្មភាពស្តារត្រពាំងទឹកកំពុងរីងស្ងួតជារឿងសំខាន់ចាំបាច់

(ភ្នំពេញ)៖ សព្វថ្ងៃនេះ ការរីងស្ងួត និង ការបាត់បង់ត្រពាំងទឹកបានផ្ដល់ផលប៉ះពាល់ដល់សត្វព្រៃ ដោយសារពួកវាពឹងផ្អែកប្រភពទឹកទាំងនេះ ដើម្បីចិញ្ចឹមជីវិតរបស់ពួកវា។

មូលហេតុចម្បងនៃការបាត់បង់ប្រភពទឹកទាំងនេះ គឺដោយសារតែសំណឹកដីដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ គួបផ្សំនឹងការបាត់បង់នៃសត្វធំៗដូចជា ទន្សោង និងដំរីជាដើម ដែលការននៀលខ្លួនរបស់សត្វទាំងនោះតែងជួយថែរក្សាជម្រៅ និងជួយពង្រីកត្រពាំងឱ្យធំជាងមុនបាន។

ពិតហើយត្រពាំងទឹកនៅតាមតំបន់ការពារធម្មជាតិទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹម សត្វព្រៃពេញមួយរដូវប្រាំង។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ត្រពាំងជាច្រើនត្រូវបានបំពេញដោយល្បាប់ថ្មីៗ និងរុក្ខជាតិដុះពាសពេញ ដែលធ្វើឱ្យលទ្ធភាពនៃការផ្ទុកទឹករបស់វាមានការថយចុះ។ក្នុងរយៈពេលច្រើនឆ្នាំត្រពាំងទាំងនោះក៏លែងអាចដើរតួជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិតជីវៈចម្រុះនៅក្នុងព្រៃទៀតបាន។

ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤នេះថា៖ ដោយមានការសហការជាមួយ ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក និងសហគមន៍ក្នុងតំបន់ USAID មរតកបៃតង បាននឹងកំពុងគាំទ្រសកម្មភាពស្ដារត្រពាំងទឹកដែលកំពុងរីងស្ងួត នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងរបស់ប្រទេសកម្ពុជា។

USAIDបានលើកឡើងថា “យើងបានរួមគ្នាស្តារត្រពាំងចំនួន ៨ នៅឆ្នាំ ២០២៣ ហើយមានគោលបំណងស្ដារត្រពាំងចំនួន ៨ បន្ថែមទៀតនៅឆ្នាំនេះ និងពង្រីកសកម្មភាពស្ដារឡើងវិញនេះទៅដល់ដែនជម្រកសត្វព្រៃលំផាត់ជាមួយអង្គការជីវិតធម្មជាតិកម្ពុជា និងសហគមន៍ក្នុងតំបន់នោះផងដែរ”។

USAIDបានលើកឡើងដែរថាក្នុងការប្រារពទិវាទឹកពិភពលោកក្នុងឆ្នាំនេះ យើងសូមនាំចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា មកស្គាល់ពីតួនាទីដ៏សំខាន់របស់ទឹកក្នុងការទ្រទ្រង់ជីវិតមនុស្ស សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីរបស់យើង”។

គួរបញ្ជាក់ថាត្រពាំងទឺកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាកន្លែងសម្រាក ផ្តល់ទឹក និងចំណី និងកន្លែង ជ្រកកោនសម្រាប់ប្រភេទសត្វជិតផុតពូជដូចជា សត្វរមាំង សត្វត្រយងយក្ស និងសត្វត្រយងចង្កុំកសនារដូវប្រាំងដ៏ក្តៅហួតហែង។ តាមរយៈការការពារ និងស្ដារឡើងវិញនូវជម្រកទាំងនេះ យើងមិនត្រឹមតែអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានភាពសុខដុមរមនារវាងសត្វព្រៃ និងសហគមន៍នៅក្នុងតំបន់ផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner