មេពន្ធដារសិក្សាប្រើបញ្ញាសិប្បនិម្មិត ឱ្យជួយការងារនៅអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ នៅចំពោះមុខនៃការវិវត្តន៍ផ្នែកបច្ចេកវិទ្យាជាពិសេស បញ្ញាសិប្បនិម្មិត Artificial intelligence (AI) នាយកដ្ឋានពន្ធដារចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នឹងសិក្សាទាញប្រយោជន៍ពី AI ដើម្បីបម្រើដល់ការងារពន្ធដារ។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា លើកឡើងថា មិនមានអ្វីដែលត្រូវភ័យខ្លាចចំពោះការប្រើប្រាស់នៃបច្ចេកវិទ្យា AI ថ្មីនោះទេ។ លោកមើលឃើញថា AI ទំនងជាអាចជួយការងារពន្ធដារបានច្រើន ជាពិសេសគឺការឆ្លើយតបទៅនឹងសំណួររបស់មហាជន ដែលសួរញឹកញាប់ និងអាចឆ្លើយបានល្អជាងមនុស្ស។
«ខ្ញុំគ្រោងទៅទស្សនកិច្ចសិក្សាពី AI ថាប្រទេសណា ឬរដ្ឋាលសារពើពន្ធណាដែលគេធ្វើ ប្រហែលចាប់ផ្តើមដំបូង AI ផ្តល់សេវាឆ្លើយសំណួរដែលមានការសួរញឹកញាប់, ឱ្យមនុស្សឆ្លើយជួនកាលថ្ងៃណាគាត់មានអារម្មណ៍មិនល្អគាត់ឆ្លើយខុស តែបើឱ្យ AI ឆ្លើយ គឺគាត់ឆ្លើយតាម Program មិនចេះខុស»។
បច្ចេកវិទ្យា AI មិនត្រឹមតែអាចជួយដល់ការឆ្លើយសំណួរប៉ុណ្ណោះទេ។ ការស្រាវជ្រាវជាច្រើនរួមទាំងដោយធនាគារអភិវឌ្ឍន៍អាស៊ី និងសាកលវិទ្យាល័យ Pretoria របស់អាហ្វ្រិកខាងត្បូងផង បានបញ្ជាក់ថា បច្ចេកវិទ្យាដែលរួមទាំង AI ផងកាត់បន្ថយការក្លែងបន្លំ លើកទឹកចិត្តឲ្យអ្នកជាប់ពន្ធអនុលោមតាមច្បាប់ និងជាពិសេសបន្ថយឱកាសប្រព្រឹត្តិអំពើពុករលួយ ដែលនឹងបង្កើនចំណូលជាតិ។
ក្រៅពីនាយកដ្ឋានពន្ធដា ស្ថាប័នរដ្ឋមួយចំនួនទៀតក៏គិតគូរពីការបញ្ចូលបច្ចេកវិទ្យា AI នេះចូលទៅក្នុងប្រតិបត្តិការរបស់ពួកគេផងដែរ។ តួយ៉ាង គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថលបានសិក្សាពិនិត្យលទ្ធភាពធ្វើយ៉ាងណាឲ្យ ChatGPT ដែលប្រើបច្ចេកវិទ្យា AI អាចប្រើប្រាស់បានជាភាសាខ្មែរ។
ផ្អែកតាមរបាយការណ៍ Goldman Sachs ប្រចាំឆ្នាំ២០២៣ ការងារប្រមាណជាង ៣០០លានការងារនឹងជំនួសដោយបញ្ញាសិប្បនិម្មិត ដូចជាការប្រើប្រាស់ OpenAI’s និង ChatGPT ជាដើម ។ គេអាចប៉ាន់ប្រមាណបានថា បច្ចេកវិទ្យាក្នុងបញ្ញាសិប្បនិម្មិតនឹងចូលរួមក្នុងកំណើនសេដ្ឋកិច្ចសកលរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ ទួន សុផល