រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ បន្តសហការគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិ ដើម្បីប្រែក្លាយរមណីយដ្ឋានប្រាសាទព្រះវិហារ ក៏ដូចជាតំបន់រមណីយដ្ឋានប្រាសាទកោះកែរ ជាតំបន់អភិវឌ្ឍមួយប្រកបដោយចីរភាព!
ព្រះវិហារ: ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឲ្យអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ «បន្តសហការគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិ ដើម្បីប្រែក្លាយរមណីយដ្ឋានប្រាសាទព្រះវិហារ ក៏ដូចជាតំបន់រមណីយដ្ឋានប្រាសាទកោះកែរជាតំបន់អភិវឌ្ឍមួយប្រកបដោយចីរភាព»។
ប្រសាសន៍ស្នើសុំនេះ ធ្វើឡើងនៅក្នុងគ្រាដែលឯកឧត្តម អញ្ជើញជាអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីប្រារព្ធខួបលើកទី១១ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ៧កក្តដា ឆ្នាំ២០១៨ ៧កក្តដា ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩។ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សសរុប៦០០នាក់ នៅក្នុងបរិវេណវត្តមរតកតេជោបុរីស្វរៈ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ឯកឧត្តម ជុច ភឿន បានលើឡើងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែលើកស្ទួយ ជ្រោមជ្រែងវប្បធម៌ជាតិតាមរយៈការជំរុញការអភិរក្សនិងអភិវឌ្ឍប្រាសាទព្រះវិហារក៏ដូចជាប្រាសាទបុរាណផ្សេងៗ នៅទូទាំងប្រទេស។ ហើយនៅពេលបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ បាននិងកំពុងរៀបចំឯកសារ ដើម្បីបញ្ចូលប្រាសាទកោះកែរ ដែលជាអតីតរាជធានីបុរាណ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពមួយផ្សេងទៀត។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តថា ដើម្បីការពារ និងអភិរក្សបាន នូវប្រាង្គប្រាសាទ និងធនធានធម្មជាតិ សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ឲ្យបានជាដាច់ខាតគ្រប់ទង្វើបំផ្លិចបំផ្លាញប្រាសាទ ការលួចវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃគ្រប់ប្រភេទ និងការទន្ទ្រានកាន់កាប់ដីធ្លីតំបន់អភិរក្សធ្វើជាកម្មសិទ្ធិ។ «បន្តរួមគ្នាថែរក្សាសម្បតិ្តវប្បធម៌ធម្មជាតិ ដើម្បីប្រែក្លាយរមណីយដ្ឋានប្រាសាទព្រះវិហារ ក៏ដូចជាតំបន់រមណីយដ្ឋានប្រាសាទកោះកែរ ជាតំបន់អភិវឌ្ឍមួយប្រកបដោយចីរភាព»។ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានយល់អំពីអារ្យធម៌ ទំនៀមទម្លាប់សាសនា និងជីវភាពរស់នៅ របស់អ្នកជំនាន់ដើម។ មួយផ្នែក ក៏ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកទស្សនាតំបន់បេតិកភណ្ឌ របស់យើងកាន់តែច្រើនកើនឡើង។ សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ គ្រួសារកងទ័ព និងមន្រ្តីរាជការ ដែលកំពុងបំពេញភារកិច្ចនៅទិសប្រាសាទព្រះវិហារនេះផងដែរ។
ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍លើកឡើងប្តេជ្ញាបន្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋនិងឯកជនកងកម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដីដើម្បីធានាកិច្ចអភិរក្សប្រាសាទធនធានធម្មជាតិទប់ស្កាត់ការជួញដូរវត្ថុបុរាណការកាប់បំផ្លាញធនធានធម្មជាតិធនធានធម្មជាតិ ការទន្ទ្រានកាន់កាប់ដីខុសច្បាប់បន្តកិច្ចសហការបន្តកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិអង្គការយូណេស្កូជាដៃគូក្នុងការជួសជុលប្រាសាទព្រះវិហារនិងប្រាសាទកោះកែរក៏ដូចជាការអភិវឌ្ឍនៅរមណីយដ្នៅរមណីយដ្ឋានទាំងពីរនេះប្រកបដោយ ចីរភាព ស្របតាមពាក្យស្លោកអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស។
ឯកឧត្តម គឹម សេតារា បន្តថា ដោយការខិតខំប្រឹងប្រែងអភិវឌ្ឍនិងអភិរក្សនៅរមណីយដ្ឋានប្រាសាទព្រះវិហារនិងដោយមានការចូលរួមពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០១៨ មកដល់ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ ប្រាសាទព្រះវិហារទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៤៣៨២នាក់ និងភ្ញៀវទេសចរជាតិចំនួន ១១,១៤៨១នាក់ និងប្រាសាទកោះកែរទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២,០៩៨៧នាក់ និងភ្ញៀវទេសចរជាតិចំនួន ២០,៩២០៥នាក់។ ជាមួយនឹងការទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិខាងលើនេះ ក៏ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ទទួលបានប្រាក់ចំណូលបន្ថែមតាមរយៈ ការដាក់តាំងលក់ផលិតផល និងវត្ថុអនុស្សាវរីយ៍ផ្សេងៗផងដែរ។
គួរំលឹកថា ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូនីស្កូសម្រេចដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៨ នៅក្នុងទីក្រុងកេប៊ិច នៃប្រទេសកាណាដា។
សូមបញ្ជាក់ថានៅក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គណៈអធិបតី រួមទាំងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ បានធ្វើពិធីប្រលែងសត្វព្រាប និងនិមន្ត អញ្ជើញចូលរួមដាំកូនឈើប្រណិត ប្រភេទកូនក្រញូងចំនួន១១១១ដើម ដើម្បីរួមចំណែកថែរក្សាព្រៃឈើ ធនធានធម្មជាតិ និងធនធានវប្បធម៌ឲ្យបានគង់វង្សយូរអង្វែងផងដែរ៕សួនលីណា