ជនជាតិកូរ៉េម្នាក់ដេកស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារជំងឺ
មណ្ឌលគិរីៈ ជនជាតិកូរ៉េម្នាក់បានដេកស្លាប់នៅក្នុងផ្ទះជួល និងត្រូវបាននគរបាលចុះស្រាវជ្រាវរកការពិតនៃការស្លាប់ភ្លាមៗ។សពត្រូវគេប្រទះឃើញនៅម៉ោង០៣និង៥៥នាទីថ្ងៃទី០៧ខែកក្កដានេះ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អធិការនគរបាលក្រុងសែនមនោរម្យ លោកកាន់ ពេញ នាល្ងាចថ្ងៃទី៧ កក្កដានេះ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា៣និង៥៥ នាទី ថ្ងៃទី៧ខែកក្កដា នៅចំណុច ដីចំការចម្ងាយពីផ្លូវបំបែក ប៊ូស្រាប្រមាណ២ពាន់ម៉ែត្រឆ្ពោះទៅស្រុកពេជ្រាដា និងចុះពីផ្លូវប្រមាណ ៣រយ ម៉ែត្រ ដោយស្ថិតនៅក្នុងភូមិពូលូង កម្លាំងនគរបាលក្រុងសែនមនោរម្យ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ រមនា ដោយសហការកម្លាំងជាមួយ ការិយាល័យបច្ចេកទេស នៃការិយាល័យជនបរទេស ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅគឹមសេង នាយរងការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះពិនិត្យសាកសពជនជាតិកូរ៉េម្នាក់ ឈ្មោះកាំង ជូសូ អាយុ៦០ឆ្នាំកាន់លិខិតឆ្លងដែនលេខM 34 84 76 47 ប្រទេសកូរ៉េ។
លោកអធិការនគរបាលក្រុងនៅបន្តទៀតថា ស្ថានភាពនៃសព មានភាពស្គមស្គាំង ជើងទាំងសងខាង ហើមត្រឹមជង្គង់ដល់ចុងជើង ប្រអប់ជើងទាំងពីរមានស្នាមដំបៅរលួយ និងក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនមិត្តភ័ក្រឈ្មោះលី សានជូ ភេទប្រុស ជាជនជាតិកូរ៉េដូចគ្នា ដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕