បវេសនកាលថ្មី! អាហ្វហ្គានីស្ថានបន្តហាមក្មេងស្រី មិនឲ្យចូលរៀន
កាប៊ូល៖ ប្រទេស អាហ្វហ្គានីស្ថាន បានចាប់ផ្តើមបវេសនកាលឆ្នាំសិក្សាថ្មី របស់ខ្លួន ជាមួយនឹងការបន្តរារាំងក្មេងស្រី មិនឲ្យចូលរៀន ក្នុងរយៈពេល៣ឆ្នាំ ជាប់ៗគ្នា។
ពួក តាលីបង់ ដែលបានចូលមកគ្រប់គ្រងប្រទេសមួយនេះ តាំងពីឆ្នាំ២០២១ បានផ្តើមរារាំងក្មេងស្រី មិនឲ្យចូលរៀនចាប់ពីថ្នាក់អនុវិទ្យាល័យ តាំងពីខែមីនា ឆ្នាំ២០២២ មកម្ល៉េះ។
ថ្ងៃពុធ គឺជាថ្ងៃបើកបវេសនកាល ឆ្នាំ២០២៤ ដោយក្នុងនោះ សាលារៀននានាទូទាំងប្រទេសបានបើកទ្វាស្វាគមន៍សិស្សានុសិស្ស ក្នុងពេលដែលក្មេងស្រីបានយំសោក ព្រោះ ត្រូវបានហាមឃាត់មិនឱ្យចូលរៀន រយៈពេលបីឆ្នាំ មកហើយ។ រីឯ ក្មេងប្រុសដែលចូលរៀន នៅថ្ងៃនោះ បានស្លៀកពាក់ឯកសណ្ឋាន កាន់ទង់ជាតិតាលីបង់ ពណ៌ខ្មៅ និងស។
អាជ្ញាធរតាលីបង់បានលើកហេតុផលថា បំរាមនេះបានធ្វើឡើងស្របពេលដែលពួកគេកំពុងបង្កើតប្រព័ន្ធមួយ ដែលស្របនឹងច្បាប់អ៊ីស្លាម។ ពួកនេះបានដាក់ចក្ខុវិស័យដ៏តឹងរ៉ឹង លើសាសនាឥស្លាម ចាប់តាំងពីគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានមក។
អង្គការសហប្រជាជាតិ ហៅកាត់ UN អំពាវនាវរឱ្យបញ្ចប់ការហាមឃាត់ ដែលមិនសមហេតុផលនេះ ដោយលើកឡើងថា ការអប់រំសម្រាប់ទាំងអស់គ្នា គឺចាំបាច់សម្រាប់សន្តិភាព និងវិបុលភាព៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត