ឯកឧត្តម ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារស្រុកព្រះនេត្រព្រះ
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំកងកម្លាំង មន្ត្រីមូលដ្ឋាន នៃ ស្រុកព្រះនេត្រព្រះ ។
បន្ទាប់ពីការលើកឡើងពីតួអង្គពាក់ព័ន្ធអំពីស្ថានភាពឃុំ ទាំង ៩ នៃ ស្រុកព្រះនេត្រព្រះ រួចមក ឯកឧត្តម ឌិត ទីណា បានពន្យល់ពី គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ដល់ អង្គប្រជុំ និង ណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់តាមដាន និង អនុវត្ត កម្មវិធីគោលនយោបាយ ឱ្យមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ ដើម្បីដោះស្រាយបញ្ហានានា របស់ ប្រជាជន ដាច់ខាតមិនត្រូវដោះស្រាយបញ្ហាមួយដោយបង្កើតបញ្ហាមួយទៀតឡើយ ។
ឯកឧត្តម ប្រធានក្រុមកាងារបាន ថ្លែងកោតសរសើរ ដល់ មន្ដ្រី អាជ្ញាធរមូលដ្ឋានស្រុកព្រះនេត្រព្រះ ចំពោះសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និង លើកទឹកចិត្តឱ្យខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជន នៅក្នុងមូលដ្ឋាន ស្រុកព្រះនេត្រព្រះ កាន់តែល្អប្រសើរ ស្របតាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល ៕
ប្រភព ៖ ក្រសួងកសិកម្ម