បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ករណីបង្កររបួសស្នាមក្នុងជម្លោះព្រំដី !!
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០៧កក្កដា នេះជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តស្ទឹងត្រែង បញ្ជូនទៅ
កាន់តុលាការ ពាក់ព័ន្ធករណីបង្កហឹង្សាដោយចេតនា បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់២នាក់ និងស្រាល១នាក់ ដោយផ្តើមចេញពីជម្លោះដណ្តើមដីពីរបីម៉ែត្រនៅជាប់ព្រំគ្នានៅចំណុចអណ្តូងមាស ភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថា:ជនសង្ស័យដែលត្រូវបញ្ជូនខ្លួនទៅកាន់តុលាការមាន ឈ្មោះទី១-ឈ្មោះ លាង សុខ ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើត ភូមិសុវណ្ណបលា ឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ ទី២-ឈ្នោះ ឈាង វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើត ភូមិសុវណ្ណបលា ឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ និងទី៣-ឈ្នោះ ច្រឹក គីន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើត ភូមិសន្តិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ ។
គួររម្លឹកថា:កាលពីថ្ងៃទី៥កក្កដា វេលាម៉ោង១១និង៣០នាទីព្រឹកកន្លងទៅ នៅចំនុចដីចំការមួយកន្លែង ក្នុងភូមិមន ឃុំអន្លង់ក្រមួន ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងមាន
ករណីជម្លោះមួយដែលផ្តើមចេញពីទំនាស់ដណ្តើមព្រំដីគ្នា បង្កឲ្យកើតទៅជាអំពើរហឹង្សាបណ្តាលឲ្យអតីតភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ ប្រចាំខេត្តស្ទឹងត្រែងមួយរូប រង
របួសដាច់ដៃឆ្វេងត្រឹមកំភួនដៃ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម ។ ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ស្រុកថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះទៅឃាត់ខ្លួនបុរសសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធនិងការបង្ករបួសស្នាម ។
មន្ត្រីនគរបាលស្នងការដ្ឋានខេត្តបានឲ្យដឹងថា:ជនរងគ្រោះឈ្មោះ ហម សៀងលី ភេទប្រុស អាយុ៣០ឆ្នាំ ជាអតីតភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ ប្រចាំខេត្តស្ទឹងត្រែង រងរបួសដាច់ដៃឆ្វេងម្ខាង ដោយសារជនដៃដល់កាប់នឹងកាំបិតផ្គាក់ក្នុងជម្លោះដណ្តើមព្រំដីគ្នា ។ រីឯបុរស៣នាក់ផ្សេងទៀតជាប់
សង្ស័យថា បានប្រើពូថៅ និងកាំបិតផ្គាក់កាប់គ្នាទៅវិញទៅមក បង្កហឹង្សាកើតចេញជារបួសស្នាមមានស្ថានទម្ងន់ទោស ហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា:ក្នុងចំណោមជនសង្ស័យទាំង៣នាក់ មានម្នាក់ត្រូវជាពូរបស់ជនរងគ្រោះដែលដាច់ដៃម្ខាង ក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយសមត្ថកិច្ចសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការបង្កអំពើហឹង្សាទៅលើភាគីជម្លោះម្ខាងទៀត ។
តែទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា:ភាគីខាងណា ក្នុងចំណោមជនបង្ករហេតុទាំង៤នាក់ ក្នុងជម្លោះហឹង្សានោះ តើមួយណាជាអ្នកផ្តើមបង្កអំពើហឹង្សាមុននោះទេ ។ ហើយរឿងជម្លោះព្រំដីធ្លីនេះ ក្រោយតុលាការបញ្ចប់និតិវិធី ទើបដឹងថា អ្នកណាខុស អ្នកណាត្រូវ ។
សូមបញ្ជាក់:ជនរងគ្រោះជាអតីតភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ប្រចាំខេត្តស្ទឹងត្រែង កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ហើយអាចប្រ
ឈមនឹងពិការភាពអស់មួយជីវិត បើទោះបីជាក្រុមគ្រូពេទ្យជំនាញវៀតណាម បានព្យាបាល និងតភ្ជាប់ដៃឡើងវិញក៏ដោយ៕