នាយឧត្តមសេនីយ គន់ គីម បំពាក់មេដាយជូនកងកម្លាំងដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារនៅក្រុងព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃអាទិត្យទី៧កក្កដា២០១៩ ឯកឧត្តមនាយឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបំពាក់មេដាយ ជូនកងកម្លាំង ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹក សមុទ្ររាម ខេត្តព្រះសីហនុ ក្នុងនៅមានវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ គន់ គីម មានប្រសាសន៍ថា ការបាក់រលំអគារកន្លងមកនេះ គឺ ជាសោកសៅដ៏ធំធេងសម្រាប់ជាតិ ដែលចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នអំពីគុណភាពសំណង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយជាថ្មីទៀត ខណៈដែលអភិបាលខេត្តថ្មី ឯកឧត្តម គួច ចំរើន បានអះអាងថា អគារដែលគ្មានគុណភាពនៅខេត្តព្រះសីហនុជាច្រើនត្រូវបានរកឃើញ។
នាយឧត្តមសេនីយ គន់ គីម បានបន្តថា នៅក្រុងព្រះសីហនុ អនាគតអាចមាន អគារកម្ពស់រហូតដល់ ៥០ជាន់ ដូច្នេះយើងត្រូវត្រៀមទុកជាមុននូវកម្លាំងសង្គ្រោះ និងឧបករណ៍សង្គ្រោះ ដែលមានមូលដ្ឋាននៅក្នុងខេត្តព្រះសីហនុនេះដោយផ្ទាល់ ប្រសើរជាងការរង់ចាំការចល័តកម្លាំង ឬឧបករណ៍មកពីទីឆ្ងាយដែលធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះអាចយឺតយ៉ាវ។កិច្ចការនេះឯកឧត្តម នឹងស្នើទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ។
ឯកឧត្តមថា ក្រុងព្រះសីហនុ ជាទីក្រុងដែលកំពុងមានការអភិវឌ្ឍខ្លាំង ដូច្នេះបញ្ហាជាច្រើននឹង ត្រូវកើតមានឡើង ជាពិសេសបញ្ហាសំណង់ ដែលទាមទារឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះគុណភាពសំណង់ ដើម្បីជាការបញ្ចៀសបញ្ហានៃការបាក់រលំកង្ករជាសោកនាដកម្មជាថ្មីទៀត។

នាយឧត្តមសេនីយ គន់ គីម ថាដើម្បីជាការថ្លែងអំណរគុណចំពោះបងប្អូនដែលបានលះបង់នូវ កម្លាំងកាយចិត្តក្នុងការចូលរួមដោះស្រាយបញ្ហាដ៏សោកសៅនេះពេលនេះរាជរដ្ឋាភិបាល ក្រៅពីបំពាក់មេដាយជូនកងកម្លាំងនៅមូលដ្ឋានកងទ័ពជើងទឹករាមចំនួន ២៤០នាក់ និងកម្លាំងភូមិភាគចំនួន ១២០នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់ការឧបត្ថម្ភជា ថវិកាលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ២០០ដុល្លារអាមេរិកផងដែរ។
បន្ទាប់ពីបំពាក់មេដាយនៅមូលដ្ឋានរាមរួចមក ឯកឧត្តមនាយឧត្តមសេនីយ គន់ គីម បានអញ្ជើញបំពាក់ មេដាយជូនកម្លាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះជនរង គ្រោះក្នុងករណីការបាក់រលំអគារ ៧ជាន់នេះចំនួន ១៥៧នាក់ផងដែរ។
ឯកឧត្តម គន់ គីម នឹងបន្តបំពាក់មេដាយមាសនេះជូនអ្នកដែលត្រូវទទួលបានមកពីមន្ទីរ អង្គភាពដទៃទៀតទាំងអស់គ្នាជាបន្តទៀត។

គួររំលឹកថា៖ អគារកម្ពស់ ៧ជាន់ដែលកំពុងសាងសង់សម្រេចបានប្រមាណ៧០ ទៅ៨០% ជា ប្រភេទសំណង់ឆ្អឹងដែក ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទទួល សាងសង់ដោយក្រុមហ៊ុនមួយរបស់ចិនបានបាក់រលំកាលពីវេលាម៉ោង៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដោយបានបណ្តាលឱ្យកម្មករដែលសម្រាកនៅក្នុងអគារនេះស្លាប់ចំនួន២៨នាក់ (ស្រី៤) និងរបួសចំនួន២៦នាក់ (ស្រី២) ការរុករកជនរងគ្រោះបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃកន្លះ ក្នុងនោះក៏មានវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រីបាន អញ្ជើញដឹកនាំដោយផ្ទាល់ក្នុងប្រតិបត្តិការនេះ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner