ជនខិលខូចកំពុងរំលោភបំពានយក “ដីព្រៃជម្រុងទុកអចិន្ត្រៃយ៍ “ជាង១០០០ហិចតា ក្នុងឃុំប្រស្និប ស្រុករលាប្អៀរ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន ពិតជាមានសមត្ថភាពប្រើកណ្ដាប់ដៃដែកក្នុងការបង្ក្រាបជនខិលខូចរំលោភដីរដ្ឋដែរឬទេ? ក្នុងនាមឯកឧត្តមជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋ។ យើងសង្ឃឹមថាអភិបាលខេត្ត និងប្រើកណ្ដាប់ដៃដែកមួយនេះ។

មួយរយៈចុងក្រោយនេះការរំលោភបំពានដីធ្លីរបស់រដ្ឋកក្រើកយ៉ាងខ្លាំង ក្នុងខេត្តកំពង់ឆ្នាំង ករណីនេះអភិបាលខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរកសិកម្មខេត្ត គួរតែស៊ើបអង្កេតស្រាវជ្រាវ រកជនល្មើសក្នុងរឿងនេះ ដែលរំលោភបំពានព្រៃសហគមន៍បម្រុងទុក មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជៀសវាងការយល់ច្រឡំ និងសង្ស័យពីមហាជនថាអាជ្ញាធរខេត្ត និងលោក ហ៉ុន ព្រងើយកន្តើយក្នុងការមិនបង្ក្រាបបទល្មើសយកដីរដ្ឋទាំងនេះទៅលក់ឲ្យឈ្មួញបន្ត។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី ០៧/០៧/២០១៩ វេលាម៉ោងប្រហែល១០ ក្រុមអ្នកសារព័ត៌មានយើងបានពិនិត្យឃើញថា ពិតជាមានករណីជនខិលខូច កំពុងរំលោភឈូសឆាយ បំពានយកដីព្រៃសហគមន៍ក្រោមលេសធ្វើផ្លូវលើដីសហគមន៍ ។

សូមបញ្ជាក់ថាដីព្រៃសហគមន៍នៅចំណុចនោះមានប្រមាណជាង 1.000 ហិកតាស្ថិតនៅក្នុង៣ភូមិ ភូមិត្រពាំងអំពិល ភូមិប្រស្និប ភូមិស្អំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងហើយក៏ជាដីដែលជាចំណីអារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមជនខិលខូច ។

ករណីដែលគេបានឈូសឆាយក្រោមលេសធ្វើផ្លូវ ដើម្បីរំលោភយកដីសហគមន៍ មិនមែនទើបតែថ្ងៃនេះទេ គឺមានរយៈពេលយូរខែមកហើយដែលស្ថិតនៅក្នុងភូមិប្រស្និប ចំណុច”លោកតាម៉ឺនគង់” ដែលដីសហគមន៍មានប្រមាណជាង ១០០០ ហិកតា “ព្រំប្រទល់ដែនព្រៃជម្រកទុកអចិន្ត្រៃយ៍ ស្ថិតនៅក្នុងស្រុករលាប្អៀរ “។

ក្រោយពីឃើញថាមានសកម្មភាពទន្ទ្រានយកដីសហគមន៍របស់រដ្ឋក្រោមលេស ធ្វើផ្លូវព័ទ្ធជុំវិញលើដីទាំងនោះ ក្រុមអ្នកសារព័ត៌មាន បានរាយការណ៍ជូន លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ដើម្បីមានចំណាត់ការ ទៅលើគ្រឿងចក្រទាំងនោះ ប៉ុន្តែសមត្ថកិច្ចជំនាញមានភាពយឺតយ៉ាវ ធ្វើឱ្យក្រុមឈ្មួញខិលខូចទាំងនោះ ដកគ្រឿងចក្រពីលើទីតាំងដីនោះរត់អស់រលីង ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឲ្យដឹងថាករណីជនខិលខូច ដែលទៅរំលោភបំពានលើដីព្រៃសហគមន៍នៅចំណុចនោះ លោកនឹងមិនលើកលែងឡើយ ហើយលោកនឹងរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំពោះអ្នកដែលពាក់ព័ន្ធទាំងអស់ ៕ធ.ដ

ដោយៈ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner