ក្រសួងកសិកម្មសាទរចំពោះ លោក គ្រី ប៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការ អាមេរិក និងបានថ្កោលទោសចំពោះទង្វើរំលោភច្បាប់របស់ទីភ្នាក់ងារមច្ឆជាតិ និង សត្វព្រៃអាមេរិក

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានសាទរចំពោះ លោក គ្រី ប៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការ អាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និង សត្វព្រៃអាមេរិក ដែលរំលោភ អំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិ ក្នុងការ អនុវត្តច្បាប់ឆ្លងដែន។

ក្រៅពីនេះក្រសួងកសិកម្មក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្ត្រី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថា មន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវ រំលោភបំពានបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋាន ណាក៏ ដោយ ។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា លោក គ្រី ប៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និង ជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្គូរីដា សហរដ្ឋអាមេរិក សម្រេចកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿង សមគំនិត ក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ សហរដ្ឋអាមេរិកនោះទេ។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ប៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាច ចាប់ខ្លួន នៅឯអាកាស យានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំ បន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជា តិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។ ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក គ្រី ប៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។

ក្រសួងបានបន្តឱ្យដឹងថានៅក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាល កម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីរបស់ខ្លួន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលទាំងពីរអាណត្តិ គឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់មន្ត្រីរាជការស្អាតស្អំ។

ក្រសួងក៏សូមថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធផ្សេងទៀត រួមមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងវ៉ាស៊ីងតោន និងលោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងញូយ៉ក ព្រមទាំងសហការី ក៏ដូចជាមេធាវី និងក្រុមអ្នក ច្បាប់ ទាំងអស់ ដែលបានរួមចំណែកសហការ គាំទ្រ និងតតាំងក្តីប្រកបដោយវិជ្ជាជីវៈ រហូតទទួលបានយុត្តិធម៌ជូនដល់មន្ត្រីកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដោយបញ្ជាក់ថា នៅក្នុងសំណុំ រឿងរបស់លោក គ្រី ប៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅ កាន់ សារព័ត៌មាន ក្នុងគោលបំណង គោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការ កាត់ ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាង ជិតស្និទ្ធជាមួយ មេធាវីអាមេរិក ដើម្បីតតាំងក្តីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារ មច្ឆជាតិ និង សត្វព្រៃ អាមេរិក ដែលចោទ ប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយ ការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរ កម្ពុជា និងពុំគោរពតាមឧត្តមានុវត្ត អន្តរ ជាតិ ក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ជារួមការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបាន ធ្វើឡើង ដោយគ្មានភស្តុតាង ត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិក អង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មាន គ្មានវិជ្ជាជីវៈ និង ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារ នៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យ ប្រឆាំងនឹងមន្ត្រីកម្ពុជា។

ក្រសួងបានបន្តឱ្យដឹងថា៖មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពី កម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និង អនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។ បើទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាថា ឯកសារ ទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់ នានា នៅក្នុងរឿងជំនួញ សត្វស្វាក្តាមនេះនៅតែបន្តកើតមាន។

ការសម្រេចទាត់ចោល ការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និង សត្វព្រៃអាមេរិក គឺជាយុត្តិធម៌ ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ប៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំង អនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner