ផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី

(ភ្នំពេញ)៖ កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិករបស់ ប.ស.ស គឺជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្នុងការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធី គ្រប ដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលដែលត្រូវបានប្រកាស ដាក់ឱ្យអនុវត្ត ជាផ្លូវការកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ស៊ុ សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយ ស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានទទួលយកសំណូមពររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គមដល់មន្ត្រីក្រោមឱវាទក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលមាន មនុស្ស ទឹក ភ្លើង ផ្លូវនិងបច្ចេកវិទ្យាឌីជីថល ក្នុងនោះមានចំណុចអាទិភាពផ្សេងទៀតរបស់រាជរដ្ឋាភិបាល ដែលមានការថែទាំសុខភាព ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេស កំណែទម្រង់មុខងារសាធារណៈ ការជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះជាដើម ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលផ្ដុំនូវចំណុចអាទិភាពទាំងនោះមកដាក់ក្នុងផែនការរួម គឺការពូនជ្រុំរដ្ឋបាលសាធារណៈទំនើបដែលក្នុងនោះមានការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ននិងការលើកកំពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថាការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តឬ ប.ស.ស សម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស ជាមន្ត្រីសាធារណៈនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ទាក់ទិនទៅនឹងការថែទាំសុខមាលភាព កាយសម្បទាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដែលនេះក៏ជាការលើកទឹកចិត្តនិងជួយសម្រាលបន្ទុកដល់មន្ត្រីរាជការផងដែរ។

ឯកឧត្តម បានចាត់ទុកថានេះជាដំណើរមួយប្រកបដោយមោទនភាពរបស់កម្ពុជាក្នុងនីតិកាលទី ៧ នេះដែលផ្ដើមឡើងដោយមានការយកចិត្តទុកដាក់យ៉ាងច្រើនចំពោះរបបសន្តិសុខសង្គម សម្រាប់ជាការលើកទឹកចិត្តនិងគាំពារដល់សុខមាលភាពរបស់មន្ត្រីរាជការ។

សូមជម្រាបថា ការដាក់ឲ្យដំណើរការកម្មវិធីនេះមានគោលបំណងពង្រីកវិសាលភាព នៃការផ្ដល់ការថែទាំសុខភាពបន្ថែមពីសមាជិកប.ស.ស ជាកម្មករនិយោជិកនិងមន្ត្រីសាធារណៈទៅដល់អ្នកដែលស្ថិតនៅក្នុងបន្ទុករបស់គាត់ជាប្ដីប្រពន្ធនិងកូនព្រមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាបុគ្គលស្វ័យនិយោជន៍៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner