ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំព្រះធាតុចូលរួមផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងយុទ្ធសាស្រ្តក្នុងការឆ្លើយតប
នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ដឹកនាំដោយ លោក ពុទ្ធ សូរិទ្ធី និងលោក ខ្វៃ អាទិត្យា ប្រធាន និងអនុប្រធានក្រុមការងារ លោក ឈីន សុជា អភិបាលរង គណៈអភិបាលស្រុកអូររាំងឪ លោកទ្រី ពៅ ប្រធានក្រុមប្រឹក្សាឃុំព្រះធាតុ បានចូលរួមជាមួយលោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងមន្រ្តីការិយាល័យពេទ្យសត្វខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងយុទ្ធសាស្រ្តក្នុងការឆ្លើយតបនៅតាមមូលដ្ឋាន ជាមួយមេភូមិទាំង២២ នៃឃុំព្រះធាតុ នៅសាលាឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
យោងតាមការបញ្ជាក់ពីជំនាញ អាជ្ញាធរកំពុងចុះពិនិត្យករណីជំងឺប៉េសជ្រូកអាហ្រ្វិក នៅតាមផ្ទះប្រជាពលរដ្ឋចំនួន៥៥ខ្នង ក្នុងភូមិចំនួន៥ រួមមានភូមិព្រះធាតុថ្មដា ភូមិទួលឃ្លាំងព្រះធាតុកណ្តាល ភូមិថ្មីលើ និងភូមិបាស្រី នៃឃុំព្រះធាតុ ដែលមានព្រំប្រទល់ជាប់ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងប៉ុន្មានថ្ងៃមុននេះ។
មន្រ្តីជំនាញបសុព្យាបាល បានចែករំលែកចំណេះដឹង និងចែកខិតបណ្ណអប់រំ ណែនាំមិនអោយមានការបរិភោគសាច់ជ្រូកឈឺឬងាប់ នៅក្នុងមូលដ្ឋាន ការចរាចរសត្វឈឺ ឬងាប់ វិធានការជីវសុវត្ថិភាព ព្រមទាំងរោគសញ្ញានៃជំងឺប៉េសជ្រូកអាហ្រ្វិក។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារចុះជួយឃុំព្រះធាតុ បានលើកទឹកចិត្តដល់អាជ្ញាធរ
១-ចូលរួមបង្កើតក្រុមការងារប្រចាំការតាមដាន និងគ្រប់គ្រងករណី មានជ្រូកឈឺឬស្លាប់ នៅតាមមូលដ្ឋាន
២-ពង្រឹងកិច្ចសហការគ្នាជាមួយមន្រ្តីជំនាញពេទ្យសត្វ ពេទ្យសត្វភូមិ ដើម្បីចុះអប់រំផ្សព្វផ្សាយ និងមានវិធានការពារដោយបាញ់ថ្នាំសំលាប់មេរោគនៅជុំវិញកន្លែងចិញ្ចឹម ឬកសិដ្ឋាននៅថ្ងៃស្អែកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ គ្រប់កន្លែងដែលមានជ្រូកឈឺឬងាប់
៣-ពង្រឹងកិច្ចសហការគ្នាជាមួយមន្រ្តីជំនាញឆ្លើយតបនៅពេលមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក ដូចជាទីតាំងសម្រាប់កប់ឬដុតជ្រូកឈឺ និងងាប់តាមបច្ចេកទេស និងការណែនាំរបស់មន្រ្តីជំនាញ។
៤- បន្តផ្សព្វផ្សាយទូលំទូលាយ វិធានការឆ្លើយតបនៅពេលមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក ជាមួយកសិករ សត្តឃាដ និងអាជីវករ។