ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ នៅស្រុកពីរនៃខេត្ត កំពង់ធំ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ និងក្រសួងអភិវឌ្ឍន៍ជនបទ បានប្រារព្ធ ពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ ជនជាតិ ដើម ភាគតិច កួយ រស់នៅភូមិអណ្តាស ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ ជនបទ ។
 
តាមការបញ្ជាក់របស់លោក ជិន ហ៊ីន មេឃុំសាលាវិស័យ ក្នុង ពិធី កាលពីថ្ងៃទី២៧ ខែមីនា ជនជាតិកួយគឺជាជនជាតិ ភាគតិច ខ្មែរមួយប្រភេទ ដែល ចូលចិត្តរស់នៅតំបន់ ដែលដាច់ ឆ្ងាយពី ជនជាតិខ្មែរ ។ប៉ុន្តែវប្បធម៌ និងប្រពៃណី ការរស់នៅ គឺមាន លក្ខណៈ ស្រដៀង នឹងជនជាតិ ខ្មែរច្រើន។

កាលពី សម័យ បុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបរ ធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ជ័រ ចិញ្ចឹមសត្វ។ ជនជាតិនេះមាន ភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។ ជាក់ស្ដែងក្នុងឃុំ សាលាវិស័យចំនួនជនជាតិដើមភាគតិចកួយ មានប្រាំបី ភូមិក្នុងចំណោម១៩ភូមិ និងមានចំនួន ១.៤៣៩ គ្រួសារស្មើ នឹង៦ ៤០០នាក់ (ស្រី២.៩៧៩ នាក់)។ ភូមិជនជាតិដើមភាគ តិចកួយត្រូវបានទទួលស្គាល់អត្តសញ្ញាណបួនភូមិរហូតមកដល់សព្វថ្ងៃនេះ។ 

លោកឃុំសាលាវិស័យក៏បានលើកឡើងពីវឌ្ឍនភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ប្រព័ន្ធធារាសាស្ត្រ តបណ្ដាញ អគ្គិសនី នៅក្នុងតំបន់ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ក្នុងនេះក៏ មានភូមិខឋាននៃបងប្អូនជនជាតិដើមភាគតិចជនជាតិកួយនេះផងដែរ។
   
ឯកឧត្តម អ៊ុន ចន្ថា  បានរំលឹកបន្ថែមបន្តពីលោកមេឃុំថា ជនជាតិ ដើមភាគតិចកួយ គឺជាជនជាតិមួយដែលចេះ សាមគ្គីភាព និងរក្សា ទំនៀមទំលាប់ប្រពៃណីក្នុងការ រស់ នៅបានល្អប្រសើរ ។ថ្ងៃនេះពិសេសណាស់ ដែល បានប្រកាស ទទួលស្គាល់ជាអត្ត សញ្ញាណ សហគមន៍ ជនជាតិដើមភាគតិច កួយ នៅ ភូមិអណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទ សំបូរ ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនជនជាតិដើមភាគតិចកួយទាំងអស់ រួមទាំងប្រជាពលរដ្ឋដទៃទៀតចូលរួមថែរក្សាទំនៀម ទម្លាប់ ប្រពៃណី វប្បធម៌ដ៏ល្អរបស់យើងឱ្យបានគង់វង្សនិងស្ថិត ស្ថេរ យូរ អង្វែង ៕
ដោយ៖ប៊ុន រដ្ឋា

ads banner