មេបញ្ជាការសឹករងខេត្តកំពង់ធំ ផ្ដាំផ្ញើដល់ក្រុមកីឡាចំនួនពីរ ឳ្យខិតខំបន្តប្រកួតយកជ័យជម្នះនៅថ្នាក់ជាតិ ជូនខេត្ត និងសាលាបឋមសិក្សាក្រចាប់

កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្ដាំផ្ញើដល់ក្រុមកីឡាចំនួនពីរ ឳ្យខិតខំបន្តប្រកួតយកជ័យជម្នះ នៅថ្នាក់ជាតិ ជូនខេត្ត និងសាលាបឋមសិក្សាក្រចាប់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំសហការី យោធិននារីនៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាល និងឧបត្ថម្ភថវិកា ភេសជ្ជៈ ជូនដល់កុមារា កុមារី នៃក្រុមកីឡាបាល់ទះ នឹងវាយសី នៅសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដែលបានចូលរួមប្រកួត ទទួលបានចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត  នឹងត្រូវត្រៀមទៅប្រកួតនៅថ្នាក់ជាតិ នារាជធានីភ្នំពេញ ក្នុងពេលខាងមុខ ។

លោកស្រី នង  ចន្ធី  នាយិកាសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ បានជម្រាបអំពីលទ្ធផលនៃការប្រកួត នៅថ្នាក់ខេត្តរបស់ក្រុមកុមារា កុមារី ដែលមានចំនួនពីរក្រុម គឺក្រុមកីឡាវាយសី និងក្រុមកីឡាបាល់ទះ ដោយការប្រកួត នាពេលកន្លងមក បានទទួលពានរង្វាន់ជាបន្តបន្ទាប់ ហើយនៅពេលថ្មីៗនេះ បានទទួលចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត ដើម្បីត្រៀមទៅប្រកួតនៅថ្នាក់ជាតិ នៅទីក្រុងភ្នំពេញ។ ក្រុមកីឡាទាំងពីរ មានការខ្វះខាត ក្នុងការបំប៉នសុខភាពក្នុងពេលចូលរួមប្រកួតដណ្ដើមយកជ័យជម្នះជាបន្តទៀតនៅថ្នាក់ជាតិ ដែលមាន រយៈពេលយូរថ្ងៃ ៕
ដោយៈប៊ុន រដ្ឋា

ads banner