រដ្ឋមន្ត្រីការងារ ចង់ឃើញជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារ ផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិត សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ ចំនួន១ ១២៨នាក់ ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ជ័យលាភី នៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារ ផ្សព្វផ្សាយពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជាដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួលបានការងារធ្វើ និងទទួលបានការងារសមរម្យ ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អតីតសិស្ស និស្សិត ឬសិក្ខាកាមដែលជាអ្នកបញ្ចប់ការសិក្សា និងកំពុងបម្រើការងារឬប្រកបមុខរបរផ្សេងៗ ដោយសារតែជំនាញបច្ចេកទេសវិជ្ជាជីវៈទាំងជាង១០០០នាក់នេះ នឹងអាចក្លាយជាអ្នកនាំសារ និងជាអ្នកផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាពបំផុត ដើម្បីបំផុសឱ្យយុវជនមកពីគ្រួសារក្រីក្រ ឬងាយរងគ្រោះ ចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស។ ជំនាញបច្ចេកទេសដែលជាយន្តការផ្លូវការត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារធ្វើ ដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលជួយផ្សព្វផ្សាយឱ្យយុវជនដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេសដែលជាឈ្នាន់ ឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី អះអាងប្រាប់អង្គពិធីថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសត្រឹមត្រូវសម្រាប់យុវជនដែលត្រូវការចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារ ឱ្យកាន់តែធូស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែបន្តសិក្សាទៅមហាវិទ្យាល័យ បានដដែល ។

ភ្ជាប់នឹងការអំពាវនាវនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់ជ័យលាភីទាំងអស់ អំពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រដែលជាកម្មវិធីថ្នាក់ជាតិដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាដែលជាក្រុមគោលដៅ មានជំនាញ និងមានឱកាសទទួលបានការងារសមរម្យឆាប់រហ័ស។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សាលា ដែលបានបណ្តុះបណ្តាលជំនាញបច្ចេកទេសជាង៣០ឆ្នាំនៅកម្ពុជា ដែលធ្វើឱ្យវិស័យឯកជន ទទួលស្គាល់ពីគុណភាព នៃការបណ្តុះបណ្តាល ៕
ដោយៈវណ្ណលុក,
ប្រភព៖ ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner