កម្មករ និងសហជីព នៃរោងចក្រ អ.ជី ពេញចិត្ត និងគាំទ្រដំណោះស្រាយទាំងបីចំណុច ក្រោយរោងចក្រនេះក្ស័យធន

ភ្នំពេញ៖ កម្មករ និងសហជីពនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ខ្លួនពេញចិត្ត និងគាំទ្រដំណោះស្រាយទាំង៣ចំណុច ដែលបានដាក់ចេញ ដើម្បីដោះស្រាយ ការពារអត្ថប្រយោជន៍ជូនកម្មករ បន្ទាប់ពីរោងចក្រនេះ ក្ស័យធន ដោយត្រូវបានអគ្គីភ័យ ឆេះខូចខាតទាំងស្រុង កាលពីពេលថ្មីៗនេះ ។

លោក សួន សុភាព ដែលជាកម្មកររោងចក្រអ.ជី ហ៊្វូតវែរ មកពីខេត្តកំពត បានលើកឡើងថា៖«ខ្ញុំរីករាយ និងសប្បាយចិត្ត លើដំណោះស្រាយទាំងបីចំណុចនេះ។ ពួកខ្ញុំ ជាកម្មករ អាចទទួលយកបានហើយ។ ខ្ញុំមិននឹកស្មានថា ទទួលបានចំណុចទាំងនេះទេ ពីព្រោះដំបូងឡើយ ខ្ញុំបារម្មណ៍ថា មិនទទួលបាន សូម្បីប្រាក់ខែចុងក្រោយផង ពីព្រោះរោងចក្រ ឆេះខូចខាតអស់ហើយ យើងមើលឃើញទាំងអស់គ្នា»។

លោកបានគូសបញ្ជាក់បន្ថែមថា ដំណោះស្រាយទាំងនេះលោក និងកម្មករផ្សេងទៀតពេញចិត្ត និងទទួលយកបាន ដោយក្តីរីករាយ ពីព្រោះបងប្អូនកម្មករទាំងអស់ បានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ និងមិនអាចស្រោចស្រង់បាននោះទេ ជាពិសេសនោះ បងប្អូនកម្មករទាំងអស់ នៅរោងចក្រនេះមានក្តីស្រលាញ់ និងអាណិតដល់ថៅកែរោងចក្រ ដែលតែងស្រលាញ់ និងយកចិត្តទុកដាក់ដល់កម្មកររបស់ខ្លួនកន្លងមក ។

លោក នៅ សុផល ដែលជាកម្មករនៃរោងចក្រអ.ជី ហ៊្វូតវែរ ម្នាក់ទៀត មកពីខេត្តកណ្តាល ថា៖ «ដំណោះស្រាយទាំងបីចំណុចនេះល្អណាស់សម្រាប់ខ្ញុំ ដែលជាកម្មករ ក៏ដូចជាកម្មករផ្សេងៗទៀតនៅរោងចក្រនេះ។ ខ្ញុំពេញចិត្តនិងរីករាយទទួលយកដំណោះស្រាយនេះ»។

លោកបន្ថែមថា ថវិកា ដែលបានមកពីការដោះស្រាយ លោកនឹងអាចយកមកទ្រទ្រង់ជីវភាពគ្រួសារបានមួយគ្រា ខណៈលោកកំពុងស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ ដែលបាននឹងកំពុងផ្សព្វផ្សាយឱកាសការងារ នៅមុខរោងចក្រផ្ទាល់តែម្តង ។

អនុប្រធានសហជីពខ្មែរស៊ីយូអេសនៃរោងចក្រ អ.ជី ហ៊្វូតវែរ លោកស្រី នៅ ខេន បានសង្កត់ធ្ងន់ថា៖ «ដំណោះស្រាយទាំងបីចំណុចនេះគឺស្របទៅតាមច្បាប់ ហើយបងប្អូនកម្មករទាំង ២ពាន់នាក់ទទួលបានអត្ថប្រយោជន៍ពេញលេញ។ កម្មករពេញចិត្ត ចំពោះដំណោះស្រាយ ជុំវិញករណីរោងចក្រត្រូវបានឆេះខូចខាតទាំងស្រុកកាលពីពេលថ្មីនេះ» ។

លោកស្រីបានគូសបញ្ជាក់ថា ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅពេលខាងមុខនេះគឺបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនៃរោងចក្រអ.ជី ហ៊្វូតវែរ ទាំងអស់គ្នា ពីព្រោះចាប់តាំងពីមានករណីអគ្គីសភ័យនេះកើតឡើងរាជរដ្ឋាភិបាលបានខិតខំបំពេញការងារផ្សេងៗ និងរកដំណោះស្រាយទាន់ពេលវេលាជូនកម្មករផងដែរ ។

ទន្ទឹមនឹងនេះកម្មករ និងសហជីព ទាំងនេះ បានអំពាវនាវឱ្យបងប្អូនកម្មករទាំងអស់ ដែលបានបម្រើការងារនៅរោង អ.ជី ហ៊្វូវែរ សូមទៅទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដែលត្រូវបានប្រកាសដោយរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ហើយសូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ និងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករទាំងអស់គ្នា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង ៨ និង ៣០នាទីតទៅ ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner