អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូអាមេរិក ស៊ើបអង្កេត និងចាប់ខ្លួនឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីផ្តន្ទាទោស

(ភ្នំពេញ)៖ តាមការបញ្ជាក់ពីមន្ត្រី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក ត្រូវបានមន្ត្រីស៊ើបអង្កេតរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីផ្តន្ទាទោស ។

ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួន របស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក។ ឧក្រិដ្ឋជនខាងលើមានឈ្មោះ Philip Alan Rogers អាយុ ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់ ។

មន្ត្រីដដែលបានបន្តថា ការស្រាវជ្រាវឈានដល់ការចាប់ខ្លួន ឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា ឧក្រិដ្ឋជននេះ ត្រូវបានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនចេញ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner